(ហ្វាំងឡង់)៖ ប៉ូលីសហ្វាំងឡង់បាននិយាយថា កុមារម្នាក់ត្រូវបានសម្លាប់ និងពីរនាក់ទៀតបានរងរបួសធ្ងន់ធ្ងរ នៅក្នុងការបាញ់ប្រហារនៅសាលារៀនមួយ នៅខាងជាយរដ្ឋធានីហ្វាំងឡង់កាលពីថ្ងៃអង្គារសប្តាហ៍នេះ ហើយសិស្សអាយុ ១២ ឆ្នាំម្នាក់ដែលត្រូវបានសង្ស័យថាជាប់ពាក់ព័ន្ធក្នុងការវាយប្រហារនេះ ត្រូវបានអាជ្ញាធរឃាត់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤។
ក្រោយការបាញ់ប្រហារ ប៉ូលិសបានបិទអគារមួយនៅសាលា Viertola នៅជាយក្រុង Vantaa ក្បែររដ្ឋធានី Helsinki។ ទាំងជនសង្ស័យ និងអាវុធត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងប្រមូលបាននៅក្រុង Siltamaki ឆ្ងាយពីសាលា ដោយមិនបានអំពើហិង្សាបន្ថែមទៀតទេ។
ប៉ូលិសបាននិយាយថា ពេលនេះមិនមានជនសង្ស័យផ្សេងទៀតទេ។ ប៉ុន្តែពួកគេក៏មិនបានផ្តល់ព័ត៌មានលម្អិត អំពីអត្តសញ្ញាណរបស់ជនសង្ស័យ ឬជនរងគ្រោះនោះទេ ក្រៅពីនិយាយថា ពួកគេទាំងអស់សុទ្ធតែជាជនជាតិហ្វាំងឡង់ ហើយជនសង្ស័យមានអាយុ ១២ ឆ្នាំ និងជាសិស្សសាលា។
មន្ទីរពេទ្យប្រចាំតំបន់ Helsinki បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយមិនបានផ្តល់ព័ត៌មានលម្អិតថា អ្នកនៅរស់រានមានជីវិតទាំងពីរនាក់កំពុងត្រូវបានព្យាបាលរបួសធ្ងន់ធ្ងរ។
ប៉ូលិសបាននិយាយថា ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានវាយប្រហារ អំឡុងពេលសួរចម្លើយបឋម ហើយឧក្រិដ្ឋកម្មនេះនឹងត្រូវស៊ើបអង្កេតជាអំពើឃាតកម្ម និងប៉ុនប៉ងមនុស្សឃាត។ ទោះជាយ៉ាងណា ហេតុផលនៅក្រោយការវាយប្រហារនេះ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ៕