(ហែលស៉ិនគី)៖ ប៉ូលិសនៅប្រទេសហ្វាំងឡង់បានឱ្យដឹងថា ក្មេងៗអាយុ១២ឆ្នាំចំនួន៣នាក់ បានរងការបាញ់ប្រហារបណ្តាលឱ្យរបួស នៅឯសាលារៀនមួយកន្លែង នាថ្ងៃអង្គារនេះ ខណៈជនសង្ស័យដែលជាក្មេងមានអាយុ១២ឆ្នាំដូចគ្នា ត្រូវបានឃាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២ ខែមេសា ឆ្នាំ២០២៤។
យោងតាមអ្នកនាំពាក្យប៉ូលិសហ្វាំឡង់ ជនរងគ្រោះទាំង៣នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈមិនទាន់មានព័ត៌មានលម្អិតបន្ថែមនោះទេ។ ហេតុការណ៍ខាងលើ បានកើតឡើងក្នុងសាលារៀន Viertola នៅតំបន់ Vantaa ជាយរដ្ឋធានី Helsinki ហើយសាលានោះ មានកូនសិស្សប្រហែល៨០០នាក់ ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៩ និងបុគ្គលិកចំនួន៩០នាក់។ អាជ្ញាធរបានអះអាងថា នាពេលនេះ ការគំរាមកំហែងគឺបានចប់ទៅវិញហើយ ដោយជនសង្ស័យត្រូវបានឃាត់ខ្លួន។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០០៧ យុវជនម្នាក់ឈ្មោះ Pekka-Eric Auvinen បានបាញ់សម្លាប់សិស្ស៦នាក់ រួមជាមួយគិលានុបដ្ឋាក នាយកសាលា ព្រមទាំងខ្លួនឯង នៅឯសាលា Jokela High School ក្បែរទីក្រុង Helsinki។ មួយឆ្នាំក្រោយមក នៅឆ្នាំ២០០៨ សិស្សម្នាក់ផ្សេងទៀតឈ្មោះ Matti Saari បានធ្វើសកម្មភាពបាញ់ប្រហារ នៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈមួយ ក្នុងក្រុង Kauhajoki នៅភាគពាយព្យហ្វាំងឡង់។ សិស្សរូបនោះ បានសម្លាប់សិស្ស៩នាក់ និងបុគ្គលិកសាលាម្នាក់ មុនធ្វើអត្តឃាត។
គួរបញ្ជាក់ថា ហ្វាំងឡង់បានរឹតបន្តឹងច្បាប់គ្រប់គ្រងកាំភ្លើងរបស់ខ្លួន កាលពីឆ្នាំ២០១០ ដោយកំណត់ឱ្យមានការធ្វើតេស្តល្បងសមត្ថភាព សម្រាប់អ្នកស្នើសុំអាជ្ញាបណ្ណកាន់កាប់កាំភ្លើងទាំងអស់។ រីឯអាយុកំណត់សម្រាប់អ្នកមានសិទ្ធិស្នើសុំអាជ្ញាបណ្ណកាំភ្លើង ក៏ត្រូវបានកែប្រែពី១៨ឆ្នាំ មក២០ឆ្នាំផងដែរ។ នៅក្នុងប្រទេសអឺរ៉ុប ដែលមានប្រជាជន៥.៦លាននាក់មួយនេះ គឺមានកាំភ្លើងដែលមានអាជ្ញាបណ្ណត្រឹមត្រូវចំនួនជាង១.៥លានដើម និងអ្នកកាន់កាប់អាជ្ញាបណ្ណប្រមាណ ៤៣០,០០០នាក់ ហើយការបរបាញ់សត្វព្រៃ និងការហាត់បាញ់ផ្ទាំងស៉ីប គឺជាសកម្មភាពដ៏ពេញនិយម៕