(បែរឡាំង)៖ ក្រសួងការពារជាតិអាល្លឺម៉ង់ បានប្រកាសឱ្យដឹងថា ប្រទេសអាល្លឺម៉ង់នឹងគាំទ្រអ៊ុយក្រែន តាមរយៈការផ្តល់គ្រាប់កាំភ្លើងធំចំនួន ១៨០,០០០គ្រាប់ ដើម្បីចូលរួមចំណែក ក្នុងផែនការមួយដែលដឹកនាំដោយសាធារណរដ្ឋឆែក ស្តីពីការទិញគ្រាប់រំសេវសម្រាប់ជួយអ៊ុយក្រែន ជាមួយតម្លៃ៥៧៦លានអឺរ៉ូ ឬស្មើនឹង៦១៨លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reutes នាថ្ងៃអង្គារ ទី២ ខែមេសា ឆ្នាំ២០២៤។
តម្រូវការបន្ទាន់បំផុតសម្រាប់អ៊ុយក្រែន នៅក្នុងសង្រ្គាមរយៈពេលជាង២ឆ្នាំមកនេះជាមួយរុស្ស៉ី គឺគ្រាប់កាំភ្លើងធំនិងគ្រាប់ផ្លោង ដែលកំពុងតែមានចំនួនកាន់តែតិចទៅៗ ស្របពេលដែលភាគីទាំងសងខាង ប្រើប្រាស់សព្វាវុធប្រភេទនេះ ដើម្បីការពារទីតាំងឈរជើងរៀងៗខ្លួន ដែលភាគច្រើនគឺសូវមានការប្រែប្រួលខ្លាំងប៉ុន្មានឡើយ នៅតាមបណ្តោយសមរភូមិមុខ ដែលមានប្រវែងប្រមាណ១,០០០គីឡូម៉ែត្រ។
កាលពីខែមីនា រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius ក៏បានប្រកាសកញ្ចប់ជំនួយទំហំ៤៧៨លានអឺរ៉ូ សម្រាប់អ៊ុយក្រែន ផងដែរ ប៉ុន្តែក្នុងនោះមិនរាប់បញ្ចូល ការគាំទ្រសម្រាប់កិច្ចផ្តួចផ្តើមទិញគ្រាប់រំសេវរបស់ឆែកឡើយ។ អ្នកនាំពាក្យក្រសួងការពារជាតិអាល្លឺម៉ង់ បាននិយាយថា ទំហំទឹកប្រាក់សម្រាប់ចំណាត់ការគាំទ្រទាំងពីរនេះ បើសរុបចូលគ្នាគឺជាង១ពាន់លានអឺរ៉ូ។
គួរបញ្ជាក់ថា ប្រទេសកាន់តែច្រើនឡើង បាននិងកំពុងនាំគ្នាចុះឈ្មោះចូលរួមក្នុង កិច្ចផ្តួចផ្តើមរបស់សាធារណរដ្ឋឆែក ដែលមានគោលដៅទិញគ្រាប់រំសេវរាប់សែនគ្រាប់ មកពីខាងក្រៅតំបន់អឺរ៉ុប សម្រាប់យកទៅជួយអ៊ុយក្រែន។ បើតាមក្រសួងការពារជាតិអាល្លឺម៉ង់ ចំណែកចូលរួមរបស់ទីក្រុងបែរឡាំង នឹងទទួលបន្ទុកប្រហែល៤០ភាគរយ នៃផែនការទាំងមូលរបស់ឆែក៕