(ម៉ានីល)៖ ក្រុមមន្រ្តីអប់រំនៃប្រទេសហ្វីលីពីន បានឱ្យដឹងថា សាលារៀនរាប់សិបកន្លែងនៅតំបន់រដ្ឋធានីម៉ានីល ត្រូវបានផ្អាកការរៀនក្នុងថ្នាក់ផ្ទាល់ នាថ្ងៃអង្គារនេះ ដោយសារតែកម្តៅឈានដល់កម្រិតគ្រោះថ្នាក់មួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី២ ខែមេសា ឆ្នាំ២០២៤។
ទីភ្នាក់ងារឧតុនិយមហ្វីលីពីនបាននិយាយថា សន្ទស្សន៍កម្តៅនឹងឡើងដល់កម្រិតចាត់ទុកថាគ្រោះថ្នាក់ គឺ៤២អង្សាសេ ក្នុងទីក្រុងម៉ានីល នាថ្ងៃអង្គារនេះ ហើយដល់៤៣អង្សាសេ នៅថ្ងៃពុធសប្តាហ៍នេះ។ សន្ទស្សន៍កម្តៅនេះ ត្រូវបានគណនាដោយរាប់បញ្ចូលទាំងសីតុណ្ហភាព និងសំណើមក្នុងខ្យល់អាកាស ខណៈការព្យាករសីតុណ្ហភាពខ្ពស់បំផុតជាក់ស្តែង សម្រាប់ទីក្រុងម៉ានីលនាថ្ងៃអង្គារនេះ គឺត្រឹម៣៥អង្សាសេ។
សាលារៀនកម្រិតបឋមសិក្សានិងវិទ្យាល័យ នៅតំបន់ Quezon នៃរដ្ឋធានីម៉ានីល ត្រូវបានអាជ្ញាធរបង្គាប់ឱ្យបិទទ្វារតែម្តង ខណៈសាលានៅតំបន់ដទៃទៀត ត្រូវបានផ្តល់ជម្រើស ឱ្យសិស្សានុសិស្សអាចរៀនពីចម្ងាយបាន។ ចំណែកសាលារៀនខ្លះ ក៏បានកាត់បន្ថយម៉ោងសិក្សាខុសពីរាល់ដងផងដែរ ដើម្បីចៀសវាងចន្លោះពេលដែលក្តៅបំផុត នៃថ្ងៃអង្គារនេះ។
គួរបញ្ជាក់ថា សន្ទស្សន៍កម្តៅចន្លោះ៤២-៥១អង្សាសេ អាចបង្កអាការផ្សេងទៀត ហើយបើស្ថិតនៅក្រោមកម្តៅយូរខ្លាំង នោះវាអាចនាំឱ្យឈានដល់ការសន្លប់បាត់បង់ស្មារតីតែម្តង ដោយសារខ្លួនប្រាណគ្រប់គ្រងសីតុណ្ហភាព លែងបានតទៅទៀត៕