(ហ្គាហ្សា)៖ អាជ្ញាធរសុខាភិបាលហ្គាហ្សា នៅថ្ងៃអាទិត្យនេះបាននិយាយឱ្យដឹងថា ការវាយឆ្មក់របស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៧៧ នាក់ នៅតំបន់ហ្គាហ្សាក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ខណៈដែលអេហ្ស៊ីបធ្វើជាម្ចាស់ផ្ទះ នៃគណៈប្រតិភូអ៊ីស្រាអែលសម្រាប់កិច្ចពិភាក្សាជុំថ្មី ក្នុងការព្យាយាមដើម្បីទទួលបានបទឈប់បាញ់ ជាមួយចលនាតស៊ូហាម៉ាសនៅតំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។
យោធាអ៊ីស្រាអែលបាននិយាយថា សកម្មប្រយុទ្ធជីហាតអ៊ីស្លាមជាន់ខ្ពស់ម្នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើមជ្ឈមណ្ឌលបញ្ជាការមន្ទីរពេទ្យ Al-Aqsa នៅកណ្តាលហ្គាហ្សា។
យោធាបាននិយាយដូច្នេះថា «មជ្ឈមណ្ឌលបញ្ជា និងពួកភេរវករត្រូវបានកំណត់គោលដៅ ជាមួយនឹងការវាយប្រហារយ៉ាងជាក់លាក់ ក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ដល់ជនស៊ីវិល។ អគារមន្ទីរពេទ្យ Al-Aqsa មិនត្រូវបានខូចខាតទេ ហើយដំណើរការរបស់វាក៏មិនត្រូវបានប៉ះពាល់ដែរ»។
ទោះជាយ៉ាងណា មិនមានការអត្ថាធិប្បាយភ្លាមៗពីក្រុមជីហាតអ៊ីស្លាម ដែលជាសម្ព័ន្ធមិត្តរបស់ក្រុមហាម៉ាសទេ។ ប៉ុន្តែមន្ត្រីសុខាភិបាលប៉ាឡេស្ទីន និងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហាម៉ាស់បាននិយាយថា អ៊ីស្រាអែលបានវាយប្រហារលើជុំរំជាច្រើន នៅខាងក្នុងបរិវេណមន្ទីរពេទ្យ Al-Aqsa ដោយបានសម្លាប់មនុស្ស ៤ នាក់ និងជាច្រើននាក់ទៀតរងរបួស រួមទាំងអ្នកកាសែតប្រាំនាក់ផងដែរ។
យោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន រហូតមកទល់ពេលនេះ ចំនួនអ្នកស្លាប់នៃជនជាតិប៉ាឡេស្ទីនកើនដល់ ៣២,៧៨២ នាក់ ក្នុងការវាយលុកយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃទី ៧ ខែតុលា។ សង្គ្រាមបានផ្ទុះឡើង បន្ទាប់ពីក្រុមសកម្មប្រយុទ្ធហាម៉ាសបានរំលោភបំពានព្រំដែន និងវាយលុកលើសហគមន៍អ៊ីស្រាអែលភាគខាងត្បូង ដោយបានសម្លាប់មនុស្ស ១,២០០ នាក់ និងចាប់មនុស្ស ២៥៣ នាក់ធ្វើជាចំណាប់ខ្មាំង
ភាគីទាំងពីរបានបង្កើនការចរចា ដែលសម្របសម្រួលដោយប្រទេសកាតា និងអេហ្ស៊ីប លើការផ្អាករយៈពេលប្រាំមួយសប្តាហ៍ នៃការវាយលុករបស់អ៊ីស្រាអែល ជាថ្នូរនឹងការស្នើសុំដោះលែងចំណាប់ខ្មាំងចំនួន ៤០ នាក់ ក្នុងចំណោមចំណាប់ខ្មាំង ១៣០ នាក់ ដែលនៅតែបន្តជាប់ឃុំខ្លួននៅតំបន់ហ្គាហ្សានៅឡើយ។
ក្រុមហាម៉ាស់បានស្វែងរកកិច្ចព្រមព្រៀងណាមួយដើម្បីបញ្ចប់ការប្រយុទ្ធ និងការដកទ័ពរបស់អ៊ីស្រាអែល។ ប៉ុន្តែអ៊ីស្រាអែលបានច្រានចោលការលើកឡើងនេះ ដោយនិយាយថា ខ្លួននឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីរុះរើសមត្ថភាពគ្រប់គ្រង និងយោធារបស់ក្រុមហាម៉ាស៕