(វ៉ាស៉ីនតោន)៖ ឧត្តមសេនីយ៍កំពូលរបស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា អ៉ីស្រាអែលមិនទាន់ទទួលបានទាំងអស់ នូវអាវុធដែលខ្លួនស្នើសុំទេ ហេតុផលមួយផ្នែកនោះ គឺដោយសារតែវាអាចប៉ះពាល់ដល់ ការត្រៀមខ្លួនរបស់យោធាអាមេរិក និងសមត្ថភាពនៃការផ្តល់ឱ្យមានកម្រិត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ ២០២៤។
ទីក្រុងវ៉ាស៉ីនតោនបានផ្តល់ជំនួយយោធាប្រចាំចំនួន ៣.៨ពាន់លានដុល្លារសម្រាប់អ៉ីស្រាអែល ដែលជាសម្ព័ន្ធមិត្តយូអង្វែងមកហើយ របស់ខ្លួន។ អាមេរិក ក៏កំពុងប្រញាប់ប្រញាល់បញ្ជូនប្រព័ន្ធការពារដែនអាកាស និងគ្រាប់កាំភ្លើងដល់អ៉ីស្រាអែលផងដែរ ប៉ុន្តែសមាជិកនៃគណបក្សសាធារណរដ្ឋ និងក្រុមអារ៉ាប់នៅអាមេរិក បានរិះគន់រដ្ឋបាល លោក បៃដិន ថាផ្តល់ការគាំទ្រដែលនាំឱ្យអ៉ីស្រាអែល រួចខ្លួនពីការធ្វើខុស។
ប្រធានអគ្គសេនាធិការកងទ័ពចម្រុះអាមេរិក លោក Charles Q. Brown បានបញ្ជាក់ថា «ទោះជាយើងបន្តគាំទ្រពួកគេ ឱ្យមានសមត្ថភាព តែពួកគេនៅមិនទាន់ទទួលបានគ្រប់យ៉ាង ដែលពួកគេបានស្នើសុំទេ។ នោះក៏ព្រោះតែអាវុធដែលពួកគេស្នើសុំ គឺយើងមិនមានលទ្ធភាពផ្តល់ឱ្យ ឬមិនមានឆន្ទៈក្នុងការផ្តល់ឱ្យ សម្រាប់ពេលឥឡូវនេះ»។
គួរបញ្ជាក់ថា បើតាមអាជ្ញារសុខាភិបាលតំបន់ហ្គាហ្សា ជនជាតិប៉ាឡេស្ទីនជាង ៣២,០០០នាក់ហើយត្រូវបានសម្លាប់ ក្រោមប្រតិបត្តិការវាយលុកយ៉ាងខ្លាំងក្លារបស់អ៉ីស្រាអែល៕