(សេអ៊ូល)៖ អគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅប្រទេសអូស្រ្តាលី នាថ្ងៃសុក្រនេះ បានសម្រេចចិត្តលាលែងពីតំណែង ខណៈការចោទសួរអំពីការតែងតាំងរូបលោក ទាំងលោកស្ថិតក្រោមការស៉ើបអង្កេតករណីពុករលួយ បានជះផលប៉ះពាល់មិនល្អ ចំពោះគណបក្សកាន់អំណាចរបស់ប្រធានាធិបតីលោក Yoon Suk Yeol នៅមុនការបោះឆ្នោតជ្រើសរើសសមាជិកសភា ដែលនឹងប្រព្រឹត្តទៅក្នុងពេលមិនដល់២សប្តាហ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤។
លោក Lee Jong-sup ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំអូស្រ្តាលី កាលពី៤សប្តាហ៍មុន កំពុងស្ថិតក្រោមការស៉ើបអង្កេតជុំវិញការចោទប្រកាន់ថា រូបលោកបានព្យាយាមជះឥទ្ធិពលដោយពុំត្រឹមត្រូវ ទៅលើដំណើរការស៉ើបអង្កេតករណីបាត់បង់ជីវិតនទាហានម៉ារីនម្នាក់ កាលពីឆ្នាំ២០២៣ ពេលលោកនៅមានឋានៈជា រដ្ឋមន្រ្តីការពារជាតិ។ កន្លងមក លោក Lee បានបដិសេធថា ខ្លួនមិនបានប្រព្រឹត្តខុសអ្វីឡើយ ហើយនិងផ្តល់កិច្ចសហការយ៉ាងពេញលេញ ជាមួយការស៉ើបអង្កេត។ យ៉ាងណាក្តី មតិរិះគន់លើការតែងតាំងលោកជាអគ្គរដ្ឋទូតប្រចាំអូស្រ្តាលី បានកើនឡើងយ៉ាងខ្លាំង នៅពេលលោកធ្វើដំណើរទៅកាន់ទីក្រុងកង់បេរ៉ា កាលពីថ្ងៃទី១០ ខែមីនា។ ទង្វើនោះត្រូវបាន សមាជិកបក្សប្រឆាំងរិះគន់ថា ជាការប៉ុនប៉ងគេចវេះពីការសួរចម្លើយ ក្នុងដំណើរការស៉ើបអង្កេត។
សូម្បីតែសមាជិកមួយចំនួនៃគណបក្សកាន់អំណាច PPP របស់លោក Yoon ក៏បានលើកឡើងផងដែរថា លោក Lee គឺជាការជ្រើសរើសខុស សម្រាប់តំណែងឯកអគ្គរដ្ឋទូត ហើយការណ៍ដែលរូបលោកចាកចេញពីប្រទេសបែបនេះ គឺជារឿងខុសឆ្គងមួយ។ កាលពីសប្តាហ៍មុន លោក Lee បានវិលត្រឡប់មកទីក្រុងសេអ៊ូលវិញ ហើយបាននិយាយថា លោកសង្ឃឹមនឹងមានឱកាសឆ្លើយសំណួរ របស់ទីភ្នាក់ងារជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ដែលទទួលបន្ទុកសំណុំរឿងនោះ។
គួរបញ្ជាក់ថា ទោះជាបែបនេះក្តី ការរិះគន់ជុំវិញការតែងតាំងរូបលោក ហើយនិងការចាកចេញពីប្រទេសយ៉ាងតក់ក្រហល់ បានបង្កើតជាភាពចម្រូងចម្រាសខ្លាំង រហូតដល់ថ្នាក់សមាជិកគណបក្ស PPP ខ្លះ និយាយថា លោក Lee គឺជាអំរែកនយោបាយធ្ងន់មួយសម្រាប់បក្ស ស្របពេលដែលបក្សកំពុងព្យាយាមដណ្តើម ការគ្រប់គ្រងនៅសភាមកវិញ ក្នុងការបោះឆ្នោតថ្ងៃទី១០ ខែមេសា ខាងមុខ៕