(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក បានព្រមានថានឹងជំរុញដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឱ្យចាត់វិធានការដើម្បីនាំជំនួយទៅដល់មនុស្សកំពុងអត់ឃ្លាន នៅក្នុងប្រទេសស៊ូដង់ ដែលអាចធ្វើទៅបានតាមការដឹកជញ្ជូនឆ្លងព្រំដែនពីប្រទេសឆាដ ប្រសិនបើកងទ័ពស៊ូដង់មិនព្រមឱ្យមានដំណើរការពេញលេញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ ២០២៤។

មុនខួបមួយឆ្នាំនៃសង្រ្គាមស៊ូដង់ចូលមកដល់ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោកស្រី Linda Thomas-Greenfield និយាយថា ភាគីជម្លោះទាំងពីរនៅស៊ូដង់បានធ្វើឱ្យខូចប្រតិបត្តិការជំនួយ និងមិនអើពើចំពោះការអំពាវនាវរបស់ក្រុមប្រឹក្សាសន្តិសុខ ឱ្យបញ្ឈប់ជាបន្ទាន់នូវអរិភាពនោះទេ។ លោកស្រី Thomas-Greenfield បានចោទប្រកាន់ភាគីកងទ័ពស៊ូដង់ ថាបានពន្យារពេលលើការនាំជំនួយចូលក្នុងតំបន់ Darfur ពីប្រទេសឆាដ ដោយបច្ចុប្បន្នតំបន់នោះកំពុងគ្រប់គ្រង ដោយកងកម្លាំងទាហានប៉ារ៉ា។

លោកស្រី Thomas-Greenfield បានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «ស្ថានភាពនៅស៊ូដង់កាន់តែអាក្រក់ទៅ ហើយមនុស្សកំពុងអត់ឃ្លាន។ តើក្រុមប្រឹក្សាសន្តិសុខត្រូវតែចាត់វិធានការទេ? ដើម្បីធានាថាជំនួយសង្គ្រោះជីវិតត្រូវបានចែកចាយ ហើយបើចាំបាច់ត្រូវតែធ្វើតាមរយៈយន្តការឆ្លងព្រំដែន»

គួរបញ្ជាក់ថា សង្រ្គាមស៊ូដង់បានផ្ទុះឡើងតាំងពីខែមេសា ឆ្នាំ ២០២៣ រវាងកងទ័ពស៊ូដង់ និងកងកម្លាំងទាហានប៉ារ៉ា។ បើតាម UN មនុស្សចំនួន ២៥លាននាក់ឬពាក់កណ្តាលនៃប្រជាជនស៊ូដង់ កំពុងត្រូវការជំនួយ ខណៈដែលមនុស្ស ៨លាននាក់បានចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ហើយ ៥លាននាក់ក្នុងចំណោមនោះ អាចរងគ្រោះដោយភាពស្រេកឃ្លាននៅប៉ុន្មានខែខាងមុខ៕