(ហ្សឺណែវ)៖ អង្គការសហប្រជាជាតិ បាននិយាយនៅថ្ងៃព្រហស្បតិ៍ (២៨ មីនា) ថា ស្ថានការណ៍នៅក្នុងប្រទេសហៃទី ដែលហែកហួរដោយភាពវឹកវរ គឺ«មហន្តរាយ» ខណៈមនុស្សជាង ១,៥០០ នាក់ ត្រូវបានសម្លាប់នៅក្នុងអំពើហឹង្សារបស់ក្រុមជនអន្ធពាលនៅឆ្នាំនេះ និងអាវុធជាច្រើនទៀតបានហូរចូលប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។
នៅក្នុងរបាយការណ៍ថ្មីមួយ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានរៀបរាប់លម្អិតអំពីរបៀបដែល «អំពើពុករលួយ និទណ្ឌភាព និងការគ្រប់គ្រងមិនត្រឹមត្រូវ ក៏ដូចជាការកើនឡើងកម្រិត នៃអំពើហឹង្សាដោយក្រុមជនអន្ធពាល បានបំផ្លាញនីតិរដ្ឋ និងបាននាំឱ្យស្ថាប័នរដ្ឋឈានដល់ការដួលរលំ»។
របាយការណ៍បានបន្ថែមថា ការណ៍នេះបានធ្វើឲ្យប្រទេសហៃទី ស្ថិតក្នុងស្ថានភាពមហន្តរាយ។
គួរជម្រាបថា ប្រទេសហៃទីដ៏ក្រីក្រ ដែលញាំញីដោយអំពើហឹង្សាជាយូរមកហើយ ត្រូវបានរញ្ជួយដោយការប៉ះទង្គិចគ្នាកាន់តែខ្លាំងឡើងចាប់តាំងពីចុងខែកុម្ភៈកន្លងទៅ នៅពេលដែលក្រុមជនអន្ធពាលបានបើកការវាយប្រហារ និងទាមទារឱ្យនាយករដ្ឋមន្ត្រី លោក Ariel Henry ចុះចេញពីតំណែង។
លោក Henry ដែលបានដឹកនាំប្រទេសហៃទី ចាប់តាំងពីការធ្វើឃាតប្រធានាធិបតី Jovenel Moise កាលពីឆ្នាំ ២០២១ មក បានសន្យាកាលពីជាងពីរសប្តាហ៍មុនថា នឹងចុះចេញពីតំណែងប ន្ទាប់ពីក្រុមប្រឹក្សាអន្តរកាលមួយត្រូវបានបង្កើតឡើង។ ប៉ុន្តែការឈានទៅដល់ដំណាក់កាលនោះ ត្រូវបានគេមើលឃើញថា មានការលំបាកខ្លាំង ដោយសារតែការខ្វែងគំនិតគ្នារវាងមេដឹកនាំគណបក្ស៕