(សិង្ហបុរី)៖ ក្រុមឧក្រិដ្ឋជននៅពីក្រោយការជួញដូរមនុស្ស និងការឆបោកតាមប្រព័ន្ធអ៉ីនធើណិត បានពង្រីកបណ្ដាញរបស់ពួកគេទៅជាបណ្ដាញសកលមួយ ដោយអាចរកប្រាក់ ចំណូលខុសច្បាប់បាន ៣ទ្រីលានដុល្លារក្នុងមួយឆ្នាំ។ នេះបើតាមការបញ្ជាក់ពីប្រមុខប៉ូលិស Interpol ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤។
អគ្គលេខាធិការប៉ូលិស Interpol លោក Jurgen Stock បានលើកឡើងក្នុងសន្និសីទខ្លីមួយ នៅឯការិយាល័យសម្របសម្រួលប៉ូលិស Interpol ក្នុងប្រទេសសិង្ហបុរី ថាតាមរយៈ ការប្រើប្រាស់អត្តសញ្ញាណក្លែងក្លាយលើអ៉ីនធើណិត ការបញ្ចុះបញ្ចូលពីមុខជំនួញថ្មី និងដោយសារតែផលវិបាកបង្កឡើងដោយកូវីដ១៩ផងនោះ ក្រុមឧក្រិដ្ឋជនបាន និងកំពុងពង្រីក បណ្ដាញរបស់ពួកគេក្នុងកម្រិតមួយមិនគួរឱ្យជឿ នារយៈពេល១០ឆ្នាំមកនេះ។ តាមលោក Jurgen Stock បច្ចុប្បន្ន ការគំរាមកំហែងឧក្រិដ្ឋកម្មក្នុងតំបន់បានក្លាយជាវិបត្តិជួញដូរ មនុស្សជាសកល ដោយមានមនុស្សរាប់លាននាក់ក្លាយជាជនរងគ្រោះនៃការឆបោកតាមប្រព័ន្ធអ៉ីនធើណិត។
លោកបន្ថែមទៀតថា ការឆបោកតាមប្រព័ន្ធអ៉ីនធើណិតបានក្លាយជាល្បិចរកលុយថ្មីរបស់ក្រុមឧក្រិដ្ឋជន បន្ទាប់ពីការជួញដូរគ្រឿងញៀន ដែលនៅតែចូលរួមចំណែកពី៤០ភាគរយ ដល់ ៧០ភាគរយនៃចំណូលខុសច្បាប់របស់ពួកឧក្រិដ្ឋជន។
គួរបញ្ជាក់ថា តាមលោក Jurgen Stock ចំណូលខុសច្បាប់ប្រហែលជា ២ទ្រីលានដុល្លារ ដល់៣ទ្រីលានដុល្លារ បានចរាចរតាមប្រព័ន្ធហិរញ្ញវត្ថុសកលក្នុងមួយឆ្នាំៗ ហើយក្នុងនោះ មានឧក្រិដ្ឋជនមួយក្រុមអាចរកលុយខុសច្បាប់បានដល់ទៅ ៥០ពាន់លានដុល្លារក្នុងមួយឆ្នាំ៕