(Reuters)៖ ប្រធានាធិបតី លោក វ្លាឌីមៀ ពូទីន បានប្រាប់ក្រុមពីឡុតបើកយន្ដហោះចម្បាំងរុស្ស៉ីថាទោះបីជាបណ្ដាប្រទេសលោកខាងលិចផ្ដល់ ​F-16 ឱ្យអ៊ុយក្រែនក៏ដោយ ក៏យន្ដហោះចម្បាំងមួយនេះនឹងមិនអាចកែប្រែស្ថានការណ៍ នៅលើសមរភូមិបាននោះដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤។

តាមរយៈការដកស្រង់សម្ដីដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី Tass លោក ពូទីន ក៏បានលើកឡើងដែរថាយន្ដហោះចម្បាំង F-16 អាចបំពាក់អាវុធនុយក្លេអ៊ែរ ហើយមូស្គូនឹង ពិចារណាពីបញ្ហាមួយនេះក្នុងផែនការយោធារបស់ខ្លួន។​ ថ្លែងទៅកាន់ក្រុមពីឡុតនៅឯពិធីជួបជុំមួយស្ថិតនៅភាគពាយព្យទីក្រុងមូស្គូ កាលពីថ្ងៃពុធ ទី២៧ ខែមីនា លោក ពូទីន បានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើពួកគេផ្ដល់ F-16 ហើយពួកគេនិយាយពីការផ្គត់ផ្គង់នេះ និងការបណ្ដុះបណ្ដាលពីឡុតក៏ដោយ ក៏វានឹងមិនអាចកែប្រែស្ថានការណ៍ នៅសមរភូមិបាននោះដែរ»។ លោកបន្ថែមទៀតថា «យើងនឹងកម្ទេចយន្ដហោះចម្បាំងនេះ ដូចដែលយើងកំពុងកម្ទេចរថក្រោះ រថពាសដែក និងបរិក្ខារយោធារួមទាំង ជើងទម្របាញ់គ្រាប់រ៉ុក្កែតចម្រុះ ក្នុងពេលបច្ចប្បន្ន»

បើតាមលោក ពូទីន យន្ដហោះចម្បាំង F-16 នឹងក្លាយជាគោលដៅស្របច្បាប់របស់កងកម្លាំងរុស្ស៉ី ប្រសិនបើវាត្រូវបានប្រើប្រាស់ក្នុងសង្រ្គាមអ៊ុយក្រែន។

គួរបញ្ជាក់ថា ប្រទេសបែលហ្ស៉ិក ដាណឺម៉ាក ន័រវែស និងហូឡង់ គឺស្ថិតនៅក្នុងចំណោមប្រទេសដែលបានសន្យាផ្ដល់ F-16 សម្រាប់អ៊ុយក្រែន និងជួយបណ្ដុះបណ្ដាល ពីឡុតអ៊ុយក្រែនពីរបៀបបញ្ជា និងប្រើយន្ដហោះចម្បាំងដ៏ទំនើបមួយនេះ៕