(BALTIMORE)៖ ក្រុមមុជទឹកនៅក្នុងសហរដ្ឋអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅសហរដ្ឋអាមេរិក) បានស្រង់សាកសពមនុស្ស២នាក់ ក្នុងចំណោម កម្មករ៦នាក់ ដែលត្រូវបានសន្មត់ថាបានស្លាប់ នៅក្រោយហេតុការណ៍នាវាបាក់ស្ពានមួយកន្លែងក្នុងទីក្រុង Baltimore នៃរដ្ឋ Maryland ដោយសារតែ នាវាដឹកទំនិញមួយគ្រឿងបើកបុកសរសរស្ពាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤។
សាកសពមនុស្សទាំង២នាក់ ត្រូវបានស្រង់ចេញពីទឹកទន្លេ Patapsco River មួយថ្ងៃបន្ទាប់ពីនាវាដឹកទូរកុងតឺន័រដ៏ធំមួយ បានបាត់បង់ការគ្រប់គ្រង និងបាន បើកបុកសរសរស្ពាន Francis Scott Key Bridge បណ្ដាលឱ្យបាក់ធ្លាក់ចូលទឹកទន្លេ។ ប៉ូលិសក្នុងរដ្ឋ Maryland បានឱ្យដឹងថាសាកសពមនុស្ស ទាំង២នាក់នេះដែរត្រូវបានស្រង់ចេញពីទឹក ស្ថិតនៅចម្ងាយប្រហែល ៧.៦២ម៉ែត្រពីផ្នែកកណ្ដាលនៃស្ពានដែលបានបាក់។ ប៉ុន្តែ ក្រុមអ្នកមុជទឹកបានផ្អាក ប្រតិបត្តិការតាមស្វែងរក និងស្រង់សាកសពមនុស្សផ្សេងទៀតដែលត្រូវបានសន្មត់ថាបានស្លាប់ ដោយសារលក្ខខណ្ឌមិនអំណោយផល។
គួរបញ្ជាក់ថា សាកសពកម្មករទាំង២នាក់ខាងលើ ត្រូវបានបញ្ជាក់អត្តសញ្ញាណថាមានឈ្មោះ Alejandro Hernandez Fuentes មានអាយុ៣៥ឆ្នាំ មកពី ប្រទេសម៉ិកស៉ិក មានទីលំនៅក្នុងទីក្រុង Baltimore និងឈ្មោះ Dorlian Ronial Castillo Cabrera មានអាយុ២៦ឆ្នាំ មកពីប្រទេសក្វាតេម៉ាឡា និង រស់នៅក្នុងទីក្រុង Dundalk នៃរដ្ឋ Maryland។
នាវាដែលបានបុកឱ្យបាក់ស្ពាន Key Bridge ត្រូវបានបញ្ជាក់ថាឈ្មោះ Dali និងមានដោតទង់ជាតិសិង្ហបុរី ហើយកាពីទែនបានអះអាងថានាវារបស់ខ្លួន បានបាត់ការគ្រប់គ្រង ជាហេតុបណ្ដាលឱ្យបុកសរសរស្ពាននេះតែម្ដង៕