(មូស្គូ)៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍នៅថ្ងៃពុធសប្តាហ៍នេះថា មនុស្សរហូតដល់ ៩៥ នាក់នៅបន្តបាត់ខ្លួននៅឡើយ បន្ទាប់ពីការវាយប្រហារកាលពីសប្តាហ៍មុន ស្ថិតនៅជាយទីក្រុងមូស្គូ ដែលខ្មាន់កាំភ្លើងបានបាញ់រះលើអ្នកទស្សនាការប្រគុំតន្ត្រីមួយ ដោយអាវុធស្វ័យប្រវត្តិ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។
បច្ចុប្បន្នចំនួនអ្នកស្លាប់ផ្លូវការ ពីការវាយប្រហារលើសាលប្រគំតន្រ្តី Crocus City Hall នៃទីក្រុងមូស្គូ កាលពីថ្ងៃសុក្រសប្តាហ៍មុន មាន ១៤០ នាក់ និងរបួស ១៨២ នាក់។ ប៉ុន្តែសេវាព័ត៌មាន Baza ដែលមានទំនាក់ទំនងល្អជាមួយសេវាសន្តិសុខ និងការអនុវត្តច្បាប់របស់រុស្ស៊ី បាននិយាយថា ដោយផ្អែកលើការអំពាវនាវរបស់សាច់ញាតិរបស់ពួកគេ មានមនុស្ស ៩៥ នាក់ផ្សេងទៀតនៅបន្តបាត់ខ្លួននៅឡើយ។
Baza បានលើកឡើងថា «បញ្ជីទាំងនេះ រួមមានមនុស្សដែលសាច់ញាតិមិនអាចទាក់ទងបាន ចាប់តាំងពីការវាយប្រហារភេរវកម្ម ប៉ុន្តែពួកគេមិនមាននៅក្នុងបញ្ជីអ្នករងរបួស និងស្លាប់នោះទេ។ ពួកគេខ្លះបានស្លាប់ ប៉ុន្តែមិនទាន់ត្រូវបានកំណត់អត្តសញ្ញាណនៅឡើយ»។
ក្រុមអ្នកស៊ើបអង្កេតរុស្ស៊ីបាននិយាយថា ការវាយប្រហារនេះធ្វើឡើងដោយខ្មាន់កាំភ្លើង៤នាក់ ដោយប្រើអាវុធស្វ័យប្រវត្តិ Kalashnikov ។ គ្រាប់រំសេវជាង ៥០០គ្រាប់ ត្រូវបានរកឃើញនៅកន្លែងកើតហេតុ។ ការបាញ់ប្រហារនេះ បានកើតឡើងមិនយូរប៉ុន្មានមុនពេលក្រុមតន្រ្តីរ៉ុក Picnic សម័យសូវៀតត្រូវបានកំណត់ឱ្យសម្តែង សម្រាប់ហ្វូងមនុស្សដែលមានចំនួន ៦,២០០ នាក់ចូលរួម៕