(បាងកក)៖ នៅថ្ងៃពុធនេះសភាជាន់ទាបនៃប្រទេសថៃ គឺរដ្ឋសភាបានបោះឆ្នោតអនុម័តសេចក្តីព្រាងច្បាប់មួយ ដែលធ្វើឱ្យថៃខិតកាន់តែជិត ក្នុងការក្លាយជាប្រទេសអាស៊ានដំបូងគេ ដែលផ្តល់ភាពស្របច្បាប់ដល់ ការរៀបអាពាហ៍ពិពាហ៍រវាងអ្នកស្រឡាញ់ភេទដូចគ្នា ក៏ដូចជារវាងអ្នកស្ថិតក្នុងសហគមន៍ LGBT។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤។
សេចក្តីព្រាងច្បាប់ខាងលើ ទទួលបានការគាំទ្រពីគណបក្សធំៗទាំងអស់នៅប្រទេសថៃ ហើយត្រូវបានបោះឆ្នោតគាំទ្រដោយសមាជិកសភា ៤០០នាក់ ក្នុងចំណោម៤១៥នាក់ ដែលមានវត្តមាន។ ក្នុងនោះ១០នាក់បានបោះឆ្នោតប្រឆាំង ២នាក់បានបោះក្នុងសំឡេងអនុបវាទ និង៣នាក់ផ្សេងទៀត មិនចូលរួមបោះ។ ក្រោយការអនុម័តរបស់រដ្ឋសភាថៃ នាពេលនេះ វានឹងត្រូវឆ្លងកាត់ការអនុម័តនៅព្រឹទ្ធសភា ព្រមទាំងការយល់ព្រមពីព្រះមហាក្សត្រថៃ ទើបអាចក្លាយជាច្បាប់ផ្លូវការបាន។
គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ អាចនឹងចូលជាធរមានក្នុងរយៈពេល១២០ថ្ងៃ ក្រោយការឡាយព្រះហត្ថលេខាយល់ព្រមពីមហាក្សត្រថៃ ហើយប្រទេសថៃនឹងដើរតាមជំហានរបស់កោះតៃវ៉ាន់និងនេប៉ាល់ ក្នុងការក្លាយជាកន្លែងទី៣នៅអាស៉ី និងជាប្រទេសដំបូងគេក្នុងតំបន់អាស៊ាន ដែលផ្តល់ភាពស្របច្បាប់ ចំពោះការរៀបអាពាហ៍ពិពាហ៍ រវាងអ្នកស្រឡាញ់ភេទដូចគ្នា ព្រមទាំងរវាងបុគ្គលនៃសហគមន៍ LGBT៕