(ព្រុចសែល)៖ បារាំង និងប៉ូឡូញ បានគូសបញ្ជាក់អំពីតម្រូវទប់ស្កាត់បន្ថែមទៀត លើការនាំចូលស្បៀងអាហារពីអ៊ុយក្រែន ដើម្បីការពារនូវអ្វីដែលពួកគេនិយាយថា អស្ថិរភាពនៃទីផ្សារកសិកម្មរបស់សហភាពអឺរ៉ុប (EU) និងធ្វើឱ្យកសិករកាន់តែខឹងសម្បារ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ ២០២៤។

សមាជិក EU កំពុងដេញដោលគ្នាអំពីវិធីសាស្រ្តផ្តល់ការអនុគ្រោះរយៈពេល ១ឆ្នាំទៀតទៅលើការនាំចូលមកក្នុងទីផ្សាររបស់ខ្លួន ដោយមិនយកពន្ធ ខណៈផ្ទុះការតវ៉ាប្រឆាំងនឹងច្បាប់បរិស្ថានរបស់ប្លុក និងការនាំចូលក្នុងតម្លៃថោកធ្វើឱ្យប៉ះពាល់ដល់កសិករក្នុងស្រុក។ រដ្ឋមន្រ្តីកសិកម្មបារាំង លោក Marc Fesneau បានប្រាប់ក្រុមអ្នកយកព័ត៌មាន មុនកិច្ចប្រជុំជាមួយសមភាគីអឺរ៉ុបនៅទីក្រុងព្រុចសែលថា អស្ថិរភាពទីផ្សារអាចនឹងប៉ះពាល់ដល់ការគាំទ្រជាសាធារណៈសម្រាប់ទីក្រុងកៀវ ដែលនោះមិនមែនជាប្រយោជន៍របស់ EU ឬក៏អ៊ុយក្រែនឡើយ។ ចំណែក លោក Czeslaw Siekierski រដ្ឋមន្រ្តីកសិកម្ម និងអភិវឌ្ឍប៉ូឡូញនិយាយថា កសិករក្នុងប្រទេសជិតខាងអ៊ុយក្រែន បាននិងកំពុងបង់ថ្លៃចំណាយខ្ពស់ពេក។

គួរបញ្ជាក់ថា គណៈកម្មការអឺរ៉ុប បានស្នើព្យួរពន្ធលើផលិតផលកសិកម្មរបស់អ៊ុយក្រែន រយៈពេលមួយឆ្នាំរហូតដល់ខែមិថុនា ឆ្នាំ ២០២៥ ជាមួយនិងការបញ្ឈប់ជាបន្ទាន់លើសត្វបក្សីស្រុក ស៊ុត និងស្ករ ដែលនាំឱ្យមានការយកពន្ធ ប្រសិនបើការនាំចូលលើសពីកម្រិតមធ្យមនៃឆ្នាំ ២០២២ និងឆ្នាំ ២០២៣៕