(មីនស្កិ៍)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បាននិយាយថា ក្រុមខ្មាន់កាំភ្លើង ដែលបានវាយប្រហារសាលប្រគំតន្រ្តី Crocus City Hall នៃទីក្រុងមូស្គូ កាលពីថ្ងៃសុក្រសប្តាហ៍មុន ដំបូងឡើយបានព្យាយាមរត់ចូលប្រទេសបេឡារុស គឺមិនមែនអ៊ុយក្រែន ដូចដែលក្រុមមន្រ្តីរុស្ស៉ី ព្រមទាំងប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានអះអាងនោះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤។
លោក ពូទីន បាននិយាយថា ពួកភេរវករបានព្យាយាមរត់ឆ្លងព្រំប្រទល់ចូលទៅអ៊ុយក្រែន ដែលបច្ចុប្បន្នគឺជាសមរភូមិសង្រ្គាម។ អ៊ុយក្រែន បានបដិសេធជាប់ពាក់ព័ន្ធ ក្នុងអំពើភេរវកម្មនៅមូស្គូ ដែលបានសម្លាប់មនុស្សសរុបយ៉ាងហោច១៣៩នាក់ ប៉ុន្តែសម្ព័ន្ធមិត្តដ៏មានឥទ្ធិពល២រូបរបស់លោក ពូទីន គឺប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៉ី លោក Nikolai Patrushev និងនាយកទីភ្នាក់ងារសន្តិសុខរុស្ស៉ី FSB លោក Alexander Bortnikov កាលពីថ្ងៃអង្គារ បានទម្លាក់កំហុសចំៗទៅលើទីក្រុងកៀវតែម្តង សម្រាប់ការវាយប្រហារនោះ ប៉ុន្តែមិនបានផ្តល់ភស្តុតាងអ្វីឡើយ។
ដោយឡែក លោក Lukashenko ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់លោក ពូទីន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ទីភ្នាក់ងារសន្តិសុខរបស់បេឡារុសនិងរុស្ស៉ី បានធ្វើសកម្មភាពសហការគ្នា ស្របពេលដែលរថយន្តរបស់ក្រុមជនសង្ស័យ បានគេចខ្លួនឆ្ពោះមកភាគនិរតីចេញពីទីក្រុងមូស្គូ មកកាន់តំបន់ Bryansk ដែលនៅជាប់ព្រំប្រទល់ជាមួយអ៊ុយក្រែននិងបេឡារុស និងជាទីដែលជនទាំង៤ ត្រូវឃាត់ខ្លួនបាន។ លោក Lukashenko បាននិយាយថា អាជ្ញាធរបេឡារុស បានដាក់ប៉ុស្តិ៍ឆែកឆេរយ៉ាងឆាប់រហ័ស នៅតំបន់ព្រំដែន ទើបពួកខ្មាន់កាំភ្លើងពុំអាចចូលទៅបាន ហើយពួកក៏បានងាកទៅរក តំបន់នៅព្រំប្រទល់អ៊ុយក្រែន-រុស្ស៉ីវិញ។
គួរបញ្ជាក់ថា បើតាមក្រុមមន្រ្តីអាមេរិក គឺទីក្រុងវ៉ាស៉ីនតោនមានព័ត៌មានសម្ងាត់ ដែលជឿទុកចិត្តបាន ចំពោះការអះអាងរបស់ក្រុម ISIS ដែលថា ក្រុមភេរវករនេះ គឺជាអ្នកនៅពីក្រោយការវាយប្រហារនៅមូស្គូ។ លោក ពូទីន ផ្ទាល់ ក៏បានទទួលស្គាល់ថា ពួក ISIS ជាអ្នកដែលបានធ្វើសកម្មភាពភេរវកម្មនោះផងដែរ ប៉ុន្តែលោកចង់ដឹងឱ្យច្បាស់ថា តើនរណាជាអ្នកបញ្ជានៅពីក្រោយ៕