(សៅប៉ូឡូ)៖ ប៉ូលិសប្រេស៉ីល កំពុងស៉ើបអង្កេតលើមូលហេតុដែលអតីតនាយករដ្ឋមន្រ្តី លោក Jair Bolsonaro ចំណាយពេល ២យប់ស្នាក់នៅក្នុងស្ថានទូតហុងគ្រីប្រចាំប្រេស៉ីល កាលពីខែមុន បន្ទាប់ពីលិខិតឆ្លងដែនរបស់លោកត្រូវបានរឹបអូស នៅក្នុងករណីស៉ើបអង្កេតលើផែនការធ្វើរដ្ឋប្រហារយោធា។ នេះបើយោងតាមការចេញផ្សាយនៅថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ ២០២៤។

ប្រភពមិនបញ្ចេញឈ្មោះបានប្រាប់ Reuters ថារបាយការណ៍ស្តីពីការស៉ើបអង្កេតរបស់ប៉ូលិស នឹងត្រូវបញ្ជូនទៅកាន់ចៅក្រមតុលាការកំពូល លោក Alexandre de Moraes ដែលជាអ្នកបង្គាប់ឱ្យស៉ើបអង្កេតករណីចោទប្រកាន់លើរូបលោក Bolsonaro ជុំវិញផែនការធ្វើរដ្ឋប្រហារយោធា បន្ទាប់ពីចាញ់គូប្រជែងតំណែងប្រធានាធិបតីប្រេស៉ីល លោក Luiz Inacio Lula da Silva នៅក្នុងការបោះឆ្នោតឆ្នាំ ២០២២។ ប៉ុន្តែលោក Bolsonaro បានបដិសេធជាប់ពាក់ព័ន្ធដូចការចោទប្រកាន់នោះ។

ការស្នាក់នៅក្នុងស្ថានទូតហុងគ្រីប្រចាំប្រេស៉ីល ចន្លោះថ្ងៃទី១២ និងថ្ងៃទី១៤ ខែកុម្ភៈ ដំបូងឡើយត្រូវបានរាយការណ៍ដោយសារព័ត៌មាន News York Times កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ផ្អែកលើកាមេរ៉ាសុវត្ថិភាពដែលបង្ហាញឱ្យឃើញ លោក Bolsonaro ចូលទៅក្នុងបរិវេណស្ថានទូត។ ចៅក្រម លោក Moraes បានកំណត់យកថ្ងៃពុធនេះ ដើម្បីឱ្យលោក Bolsonaro មកបង្ហាញខ្លួននៅតុលាការ អំពីគោលបំណងដែលលោកទៅស្នាក់នៅក្នុងស្ថានទូត។

គួរបញ្ជាក់ថា ក្រោយចាកចេញពីតំណែងនៅឆ្នាំ ២០២២ លោក Bolsonaro ត្រូវបានគេរាយការណ៍ថាមានទំនាក់ទំនងកាន់តែជិតស្និទជាមួយ លោកនាយករដ្ឋមន្រ្តីហុងគ្រី Viktor Orban។ ស្ថានទូតហុងគ្រីនៅក្នុងទីក្រុង Brasilia មិនបានឆ្លើយតបចំពោះសំណើរសុំការអត្ថាធិប្បាយពី Reuters នោះទេ៕