(ហ្សឺណេវ)៖ ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌ នៅថ្ងៃអង្គារនេះ បានអំពាវនាវឱ្យអ៊ីស្រាអែលលុបចោល ការហាមឃាត់ជាក់ស្តែងលើការដឹកជញ្ជូនស្បៀងអាហារ ទៅកាន់ភាគខាងជើងតំបន់ហ្គាហ្សា ដោយទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ សម្រាប់ប៉ាឡេស្ទីន (UNRWA) ដោយនិយាយថា ប្រជាជននៅទីនោះកំពុងប្រឈមមុខនឹង «ការស្លាប់ដ៏ឃោរឃៅដោយសារគ្រោះទុរ្ភិក្ស»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នា្កក់ងារសារព័ត៌មាន Reuters.
អ៊ីស្រាអែលបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួននឹងបញ្ឈប់កិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារ UNRWA នៅតំបន់ហ្គាហ្សា ដោយចោទប្រកាន់ទីភ្នាក់ងារផ្តល់ជំនួយនេះថា បានបន្តជម្លោះ។ ទីភ្នាក់ងារនេះបាននិយាយថា អ៊ីស្រាអែលបានប្រាប់ថា នឹងលែងអនុញ្ញាតឱ្យក្បួនរថយន្តស្បៀងអាហាររបស់ខ្លួន ទៅកាន់តំបន់ហ្គាហ្សាភាគខាងជើងទៀតហើយ។
អ្នកនាំពាក្យការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ លោក Jens Laerke បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន របស់អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ យ៉ាងដូច្នេះថា «ការសម្រេចចិត្តនេះត្រូវតែលុបចោល»។ លោកបានបន្ថែមថា «អ្នកមិនអាចអះអាងពីការប្រកាន់ខ្ជាប់នូវការគោរពបទប្បញ្ញត្តិ នៃច្បាប់អន្តរជាតិបានទេ នៅពេលអ្នករារាំងក្បួនដឹកជញ្ជូនស្បៀងអាហាររបស់ UNRWA នោះ»។
UNRWA ដែលជាទីភ្នាក់ងារផ្តល់ជំនួយ និងសេវាកម្មដល់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា និងទូទាំងតំបន់ បាននិងកំពុងប្រឈមមុខនឹងវិបត្តិ ចាប់តាំងពីអ៊ីស្រាអែលបានចោទប្រកាន់បុគ្គលិករបស់ខ្លួនរាប់សិបនាក់ថា ពាក់ព័ន្ធនឹងការវាយប្រហាររបស់ក្រុមហាម៉ាសប្រឆាំងនឹងអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា។ ជាលទ្ធផល UNRWA បានបណ្តេញបុគ្គលិកមួយចំនួន ខណៈការចោទប្រកាន់ទាំងនេះ នៅតែស្ថិតក្រោមការស៊ើបអង្កេត។
របាយការណ៍ដែលគាំទ្រដោយអង្គការសហប្រជាជាតិក្នុងខែនេះ បាននិយាយថា គ្រោះទុរ្ភិក្សនៅភាគខាងជើងហ្គាហ្សាជិតមកដល់ហើយ ហើយវាអាចនឹងកើតឡើងនៅខែឧសភាយ៉ាងយូរ។
លោក James Elder អ្នកនាំពាក្យរបស់មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) ប្រចាំតំបន់ហ្គាហ្សា បាននិយាយថា លោកបានឃើញកុមារស្គម «ស្តើងដូចក្រដាស» នៅក្នុងមន្ទីរពេទ្យមួយនៅភាគខាងជើងហ្គាហ្សា និងមន្ទីររក្សាទារកដែលកើតមិនគ្រប់ខែពីម្តាយដែលខ្វះអាហារូបត្ថម្ភ។
លោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានដដែល ដោយពិពណ៌នាអំពីដំណើរទស្សនកិច្ចចុងក្រោយរបស់លោកទៅកាន់ភាគខាងជើងកាលពីថ្ងៃចន្ទថា «មនុស្សរាប់ម៉ឺននាក់កំពុងកកកុញនៅតាមដងផ្លូវ។ ពួកគេធ្វើកាយវិការដៃដល់មាត់ ដោយទទូចសុំជំនួយ និងស្បៀងអាហារដោយអស់សង្ឃឹម»៕