(គៀវ)៖ ក្រសួងថាមពលអ៊ុយក្រែនបាននិយាយថា ការនាំចូលអគ្គិសនីប្រចាំថ្ងៃរបស់អ៊ុយក្រែន នឹងឡើងដល់កម្រិតខ្ពស់បំផុតនៅឆ្នាំនេះ បន្ទាប់ពីការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីជាបន្តបន្ទាប់ ទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនីនៅក្នុងតំបន់មួយចំនួន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។

កាលពីថ្ងៃសុក្រកន្លងទៅ រុស្ស៉ីបានបើកការការវាយប្រហារទ្រង់ទ្រាយធំបំផុតមួយ ទៅលើហេដ្ឋារចនាសម្ព័ន្ធអគ្គីសនីសំខាន់របស់អ៊ុយក្រែន ដែលបានបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ដំណើរការផលិត និងបញ្ជូនអគ្គីសនីរបស់ប្រទេសនេះ ដោយបង្ខំឱ្យទីក្រុងគៀវ បញ្ឈប់ការនាំចេញថាមពល និងពឹងផ្អែកលើការនាំចូល។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការនាំចូលអគ្គិសនីត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ១៨,៦៤៩ មេហ្គាវ៉ាត់ម៉ោង (MWh) នៅថ្ងៃអង្គារនេះ ពោលគឺកើនឡើងពី ១៤,៩០០ មេហ្គាវ៉ាត់ម៉ោង (MWh) កាលពីថ្ងៃអាទិត្យ។

តាមការប្រៀបធៀប អ៊ុយក្រែនបាននាំចេញថាមពលអគ្គិសនី ៣,៣០០ មេហ្គាវ៉ាត់ម៉ោង (MWh) ក្នុងមួយថ្ងៃ មុនការវាយប្រហាររបស់រុស្ស៊ី រលកទីមួយនៅថ្ងៃទី ២២ ខែមីនា។

អ៊ុយក្រែន​បាន​ភ្ជាប់​បណ្តាញ​អគ្គិសនី​បង្រួបបង្រួម​របស់​សហភាព​អឺរ៉ុប ​ចាប់​តាំង​ពី​សប្តាហ៍​ដំបូង ​នៃ​ការ​ឈ្លានពាន​ពេញ​លេញ​របស់​រុស្ស៊ី​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០២២។

ប្រតិបត្តិករបណ្តាញអគ្គិសនី Ukrenergo បានប្រាប់ទីភ្នាក់ងារ Reuters ថា ការនាំចូលធ្វើឡើងមកពីប្រទេសរ៉ូម៉ានី ស្លូវ៉ាគី ប៉ូឡូញ ហុងគ្រី និងម៉ុលដាវ៉ា។

អ៊ុយក្រែនដែលមានវិស័យថាមពលនុយក្លេអ៊ែរស៊ីវិលយ៉ាងទូលំទូលាយ គឺជាអ្នកនាំចេញថាមពលសុទ្ធ មុនពេលការឈ្លានពានរបស់រុស្ស៊ីជាបន្តបន្ទាប់ និងការកាន់កាប់រោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប។

ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃសុក្រសប្តាហ៍មុន អ្នកស្រុកចំនួន ២០០,០០០ នាក់នៃទីក្រុងព្រំដែនភាគឦសាននៃទីក្រុង Kharkiv និងផ្នែកខ្លះនៃតំបន់ Zaporozhye ភាគអាគ្នេយ៍ នៅបន្តគ្មានអគ្គីសនីប្រើប្រាស់។ វាក៏មានការដាច់ចរន្តអគ្គិសនីនៅក្នុងទីក្រុងកំពង់ផែ Odessa នៃសមុទ្រខ្មៅរបស់អ៊ុយក្រែនផងដែរ។

គួរជម្រាបថា ទីក្រុងមូស្គូបាននិយាយថា ទីតាំងថាមពលអ៊ុយក្រែនគឺជាគោលដៅស្របច្បាប់ ហើយការវាយប្រហារបែបនេះមានគោលបំណងធ្វើឱ្យយោធាអ៊ុយក្រែនចុះខ្សោយ។

ការវាយប្រហារចុងក្រោយបំផុតត្រូវបានគេនិយាយថា ជាការសងសឹកចំពោះការវាយប្រហាររបស់អ៊ុយក្រែន ដែលបានធ្វើឱ្យមានការរំខានដល់ការបោះឆ្នោតឡើងវិញរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin៕