(ព្យុងយ៉ាង)៖ ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺអ្នកនាង Kim Yo Jong នៅថ្ងៃអង្គារនេះ បាននិយាយថា ទីក្រុងព្យុងយ៉ាង នឹងបដិសេធរាល់ការទាក់ទង ឬចរចាទាំងអស់ជាមួយជប៉ុន មួយថ្ងៃបន្ទាប់ពីអ្នកនាងបានអះអាងថា នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida បានស្នើសុំឱ្យមានការរៀបចំបើកកិច្ចប្រជុំកំពូល ជាមួយបងប្រុសរបស់អ្នកនាង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤។

ក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA អ្នកនាង Kim Yo Jong បានលើកឡើងដូច្នេះថា «រដ្ឋាភិបាលរបស់យើងបានយល់យ៉ាងច្បាស់ អំពីឥរិយាបថរបស់ជប៉ុនជាថ្មីម្តងទៀត ហើយសេចក្តីសម្រេចគឺថា ពួកយើងនឹងមិនអើពើក៏ដូចជានឹង​បដិសេធ ចំពោះការទាក់ទងឬការចរចានានាទាំងអស់ ជាមួយភាគីជប៉ុន»

គួរបញ្ជាក់ថា លោក Kishida ធ្លាប់បាននិយាយថា រូបលោកចង់ផ្លាស់ប្តូរទំនាក់ទំនងរវាងទីក្រុងតូក្យូ និងទីក្រុងព្យុងយ៉ាង ហើយកាលពីឆ្នាំទៅមិញ បានបង្ហាញពីបំណងចង់ជួប មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដោយពុំមានកំណត់​លក្ខខណ្ឌអ្វីទាំងអស់ អំឡុងសុន្ទរកថាមួយ នៅមហាសន្និបាតអង្គការសហប្រជាជាតិ។ កាលពីថ្ងៃចន្ទសប្តាហ៍នេះ អ្នកនាង Kim បាននិយាយថា ពេលថ្មីៗនេះ លោកនាយករដ្ឋមន្រ្តីជប៉ុន បានបង្ហាញអំពីបំណងចង់ជួបបើកកិច្ចប្រជុំកំពូល ជាមួយលោក គីម ជុងអ៊ុន។

ប៉ុន្តែនាពេលនោះ អ្នកនាងបានបន្ថែមថា ការសម្រេចចិត្តផ្នែកនយោបាយរបស់ជប៉ុន គឺជាកត្តាចម្បងបំផុត ដើម្បីត្រួសត្រាយឱ្យមានទំព័រថ្មី នៅក្នុងទំនាក់ទំនងកូរ៉េខាងជើង-ជប៉ុន។ ភ្លាមៗក្រោយការចេញសេចក្តីថ្លែងការណ៍របស់ប្អូនស្រីលោក គីម ជុងអ៊ុន លោក Kishida ផ្ទាល់ ក៏បានចេញមុខនិយាយផងដែរថា កិច្ចពិភាក្សាជាន់ខ្ពស់ជាមួយកូរ៉េខាងជើង គឺមានសារសំខាន់៕