(ប៉េកាំង)៖ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ លោក Chen Xiaodong អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិនបានជួបពិភាក្សាតាមទូរស័ព្ទ ជាមួយអនុរដ្ឋមន្ត្រីការបរទេសហ្វីលីពីន ដោយបានលើកឡើងការប្រឆាំងយ៉ាងដាច់ខាតចំពោះ បញ្ហាការដែលហ្វីលីពីន បានដឹកជញ្ជូនសម្ភារៈទៅឱ្យ នាវាចម្បាំងដែលទុកចោលដោយខុសច្បាប់ នៅថ្មប៉ប្រះទឹក Ren'ai ជាដើម។

លោក Chen Xiaodong បានលើកឡើងថា កាលពីថ្ងៃទី២៣ ខែមីនា នាវាស៊ីវិលមួយគ្រឿងនិងនាវាឆ្មាំសមុទ្រពីរគ្រឿង របស់ប្រទេសហ្វីលីពីន បានបំពានចូលលំហសមុទ្រ ក្បែរថ្មប៉ប្រះទឹក Ren'ai នៅសមុទ្រចិនខាងត្បូងម្តងទៀត ដោយប៉ុនប៉ងដឹកជញ្ជូនសម្ភារៈ ក្នុងនោះបូករួមទាំងសម្ភារៈសំណង់ផង ទៅឱ្យនាវាចម្បាំងដែលទុកចោលដោយខុសច្បាប់ នៅថ្មប៉ប្រះទឹកនេះ។ ទង្វើនេះបានល្មើសនឹង «សេចក្តីប្រកាសប្រតិបត្តិបណ្តាភាគីសមុទ្រចិនខាងត្បូង»យ៉ាងធ្ងន់ធ្ងរ បានល្មើសយ៉ាងធ្ងន់ធ្ងរនឹងពាក្យសន្យា ដែលប្រទេសហ្វីលីពីនលើកឡើង បានបំពានយ៉ាងធ្ងន់ធ្ងរលើបូរណភាពទឹកដី ក៏ដូចជាសិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ប្រទេសចិន ហើយក៏បានបំផ្លាញដល់ សុខសន្តិភាពក្នុងតំបន់ទៀតផង ប្រទេសចិនសម្តែងការប្រឆាំងយ៉ាងដាច់ខាតចំពោះរឿងនេះ។

ប្រទេសចិនមានអធិបតេយ្យភាពមិនអាចប្រកែកបានចំពោះប្រជុំកោះ Nansha និងដែនសមុទ្រនៅក្បែរនោះ ក្នុងនោះបូករួមទាំងថ្មប៉ប្រះទឹក Ren’ai ផងដែរ។ ប្រទេសចិនដាស់តឿនជាថ្មីម្តងទៀត ឱ្យហ្វីលីពីនគោរពពាក្យសន្យារបស់ខ្លួន គោរពគំនិតឯកភាពរួម បញ្ឈប់ការបង្ករឿងនិងរំលោភសិទ្ធិដែនសមុទ្ររបស់ចិន បញ្ឈប់រាល់សកម្មភាពឯកតោភាគី ដែលអាចនឹងបណ្តាលឱ្យស្ថានការណ៍មានភាពស្មុគស្មាញ ហើយត្រឡប់ទៅរកផ្លូវត្រឹមត្រូវនៃការដោះស្រាយការខ្វែងគំនិត តាមរយៈកិច្ចចរចានិងការពិគ្រោះពិភាក្សា ជាមួយប្រទេសចិន។ ប្រទេសចិននឹងបន្តចាត់វិធានការដ៏ចាំបាច់ ដោយអនុលោមតាមច្បាប់ចិននិងច្បាប់អន្តរជាតិ ដើម្បីគាំពារយ៉ាងមុតមាំនូវបូរណភាពទឹកដី ក៏ដូចជាសិទ្ធិនិងផលប្រយោជន៍ដែនសមុទ្រ របស់ប្រទេសជាតិ៕

វិទ្យុមិត្តភាពកម្ពុជាចិន