(វែលីងតោន)៖ ប្រទេសនូវែលសេឡង់ បានប្រកាសនៅថ្ងៃចន្ទនេះថា នឹងបញ្ជូនបុគ្គលិកការពារជាតិ ឧទ្ធម្ភាគចក្រ និងនាវាកងទ័ពជើងទឹក ទៅកាន់ប្រទេសដីកោះសូឡូម៉ុន ដើម្បីជួយក្នុងការបោះឆ្នោតជាតិ ដែលគ្រោងធ្វើឡើងនៅខែមេសា។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ ២០២៤។

ក្រសួងការបរទេសនូវែលសេឡង់ បានឱ្យដឹងថា នាវា HMNZS Canterbury នឹងចាកចេញពីទីក្រុង Auckland នៅថ្ងៃអង្គារសប្តាហ៍នេះ ដើម្បីដឹកជញ្ជូនឧទ្ធម្ភាគចក្រ ២គ្រឿង និងពីឡុត រួមទាំងបុគ្គលិកផ្នែកបញ្ជាការ និងថែទាំទៅកាន់រដ្ឋធានី Honiara របស់សូឡូម៉ុន។ រដ្ឋមន្ត្រីការបរទេស លោក Winston Peters បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍នោះថា «ការរួមចំណែករបស់នូវែលសេឡង់ នឹងគាំទ្រឱ្យគណៈកម្មការបោះឆ្នោតសូឡូម៉ុន ដឹកនាំការបោះឆ្នោតប្រកបដោយសុវត្ថិភាព និងជោគជ័យ។ វាក៏បង្ហាញផងដែរពីការប្តេជ្ញាចិត្តរបស់នូវែលសេឡង់ ចំពោះលទ្ធិប្រជាធិបតេយ្យរបស់សូឡូម៉ុន និងតំបន់ប៉ាស៉ីហ្វិកកាន់តែទូលំទូលាយ»។

គួរបញ្ជាក់ថា ការដាក់ពង្រាយរបស់នូវែលសេឡង់ខាងលើនេះ គឺជាផ្នែកមួយនៃកម្មវិធីថវិកាចំនួន ៦.៤៨លានដុល្លារ សម្រាប់គណៈកម្មាធិការរៀបចំការបោះឆ្នោតសូឡូម៉ុន ដែលប្រកាសកាលពីខែមករា ហើយនឹងជួយដឹកជញ្ជូនក្រុមមន្ត្រី ក៏ដូចជាសម្ភារៈបម្រើឱ្យការបោះឆ្នោតនៅទូទាំងប្រទេសដីកោះ ក្នុងតំបន់ប៉ាស៉ីហ្វិកមួយនេះ៕