(តៃប៉ិ)៖ អតីតមេដឹកនាំតៃវ៉ាន់ លោក Ma Ying-jeou នឹងបំពេញទស្សនកិច្ចលើកទី២ ទៅកាន់ប្រទេសចិន នាខែក្រោយ ដោយនឹងដឹកនាំសិស្ស-និស្សិតមួយក្រុម ក្នុងដំណើរទស្សនកិច្ចមានរយៈពេលសរុប១១ថ្ងៃ ទៅកាន់កន្លែងផ្សេងៗ រួមមានទាំងរដ្ឋធានីប៉េកាំងផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០២៤។
លោក Ma ដែលធ្លាប់ជាមេដឹកនាំតៃវ៉ាន់ចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៦ បានក្លាយជាអតីតមេដឹកនាំដំបូងគេរបស់ដែនកោះនេះ ដែលបានបំពេញទស្សនកិច្ចទៅកាន់ចិន កាលពីឆ្នាំមុន។ ចាប់តាំងពីចាញ់សង្រ្គាមស៉ីវិលនៅឆ្នាំ១៩៤៩មក មិនធ្លាប់មានមេដឹកនាំតៃវ៉ាន់រូបណា បំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន ទាំងកំពុងនៅកាន់អំណាចឡើយ។ កោះតៃវ៉ាន់ ទោះបីមានរដ្ឋាភិបាលដឹកនាំដាច់ដោយឡែកក៏ដោយ គឺត្រូវប្រទេសចិនចាត់ទុកត្រឹមជាផ្នែកមួយប៉ុណ្ណោះ នៃទឹកដីរបស់ខ្លួន ខណៈទីក្រុងប៉េកាំងបានបង្កើន ការដាក់សម្ពាធទាំងតាមផ្នែកនយោបាយ និងយោធា ទៅលើតៃវ៉ាន់។
គួរបញ្ជាក់ថា លោក Ma ធ្លាប់ជួបមុខប្រធានាធិបតីចិន លោក ស៉ី ជីនពីង នៅឯប្រទេសសិង្ហបុរី កាលពីចុងឆ្នាំ២០១៥ គឺមិនយូរប៉ុន្មាន មុនពេលមេដឹកនាំតៃវ៉ាន់បច្ចុប្បន្ន លោកស្រី Tsai Ing-wen ជាប់ឆ្នោតជាមេដឹកនាំ។ លោក Ma Ying-jeou បន្តនៅជាសមាជិកជាន់ខ្ពស់ម្នាក់ នៃគណបក្សប្រឆាំងធំជាងគេរបស់តៃវ៉ាន់ Kuomintang (KMT) ដែលកាលពីខែមករា ដើមឆ្នាំនេះ បានទទួលបរាជ័យជាលើកទី៣ជាប់គ្នា ក្នុងការបោះឆ្នោតរើសមេដឹកនាំតៃវ៉ាន់អាណត្តិថ្មី។ គណបក្សកាន់អំណាច DPP របស់លោកស្រី Tsai បានបន្តទទួលជ័យជម្នះ ហើយលោក Lai Ching-te នឹងចូលកាន់តំណែងជាផ្លូវការ នៅខែឧសភា ខាងមុខ៕