(ព្យុងយ៉ាង)៖ ប្អូនស្រីលោក គីម​ ជុងអ៊ុន នៅថ្ងៃចន្ទនេះ បាននិយាយថា នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida បានស្នើសុំបើក​កិច្ចប្រជុំកំពូលជាមួយបងប្រុសអ្នកនាង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០២៤។

ក្នុងសេចក្តីថ្លែងការណ៍ផ្សាយចេញដោយ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA អ្នកនាង Kim Yo Jong បាននិយាយដូច្នេះថា «ថ្មីៗនេះ លោក Kishida បានបង្ហាញពីបំណងចង់ជួប ប្រធានគណៈកម្មការកិច្ចការរដ្ឋ នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (លោក គីម ជុងអ៊ុន) ក្នុងពេលឆាប់ៗតាមតែអាចធ្វើទៅបាន»។ លោក Kishida ធ្លាប់បាននិយាយថា រូបលោកចង់ផ្លាស់ប្តូរទំនាក់ទំនងរវាងទីក្រុងតូក្យូ និងទីក្រុងព្យុងយ៉ាង ហើយកាលពីឆ្នាំទៅមិញ បានបង្ហាញពីបំណងចង់ជួបមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដោយពុំមានកំណត់​លក្ខខណ្ឌអ្វីទាំងអស់ អំឡុងសុន្ទរកថាមួយ នៅមហាសន្និបាតអង្គការសហប្រជាជាតិ។

កាលពីខែមុន អ្នកនាង Kim Yo Jong ដែលជាបុគ្គលដ៏មានឥទ្ធិពលមួយរូប និងជាអ្នកនាំពាក្យសំខាន់របស់រដ្ឋាភិបាលកូរ៉េខាងជើង ក៏បានបង្ហាញសញ្ញាផងដែរអំពីលទ្ធភាព នៃការអញ្ជើញលោក Kishida មកបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង នាពេលអនាគត។ យ៉ាងណាក្តី នៅថ្ងៃចន្ទនេះ អ្នកនាងបានលើកឡើងថា ការសម្រេចចិត្តផ្នែកនយោបាយរបស់ជប៉ុន គឺជាកត្តាចម្បងបំផុត ដើម្បីត្រួសត្រាយឱ្យមានទំព័រថ្មី នៅក្នុងទំនាក់ទំនងកូរ៉េខាងជើង-ជប៉ុន។ ភ្លាមៗក្រោយការចេញ សេចក្តីថ្លែងការណ៍របស់ប្អូនស្រីលោក គីម ជុងអ៊ុន លោក Kishida ផ្ទាល់ ក៏បានចេញមុខនិយាយផងដែរថា កិច្ចពិភាក្សាជាន់ខ្ពស់ជាមួយកូរ៉េខាងជើង គឺមានសារសំខាន់។

គួរបញ្ជាក់ថា អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក Junichiro Koizumi ធ្លាប់បានបំពេញទស្សនកិច្ចមួយ ទៅកាន់ទីក្រុងព្យុយ៉ាង ពេលដែលលោកនៅកាន់អំណាច កាលពីឆ្នាំ២០០២ ហើយបានជួបជាមួយឪពុករបស់លោក គីម គឺលោក គីម ជុងអ៉ីល៕