(សិង្ហបុរី)៖ នៅថ្ងៃចន្ទនេះ រដ្ឋមន្រ្តីយុត្តិធម៌និងមហាផ្ទៃនៃប្រទេសសិង្ហបុរី លោក K Shanmugan បានឱ្យដឹងថា រដ្ឋាភិបាលសិង្ហបុរី ទើបតែបានបង្គាប់ឱ្យ ស្ថានទូតអ៉ីស្រាអែលប្រចាំនៅសិង្ហបុរី លុបចោលវិញជាបន្ទាន់ នូវការបង្ហោះសារមួយលើ Facebook ដែលមិនអាចទទួលយកបានដាច់ខាត ពាក់ព័ន្ធប៉ាឡេស្ទីន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន CNA នាថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០២៤។
កាលពីថ្ងៃអាទិត្យ ទី២៤ ខែមីនា គណនី Facebook ផ្លូវការរបស់ស្ថានទូតសិង្ហបុរី បានបង្ហោះសារមួយដែលអះអាងនូវ ការលើកឡើងអំពីអ៉ីស្រាអែលនិងប៉ាឡេស្ទីន ក្នុងគម្ពីរកូអាន (Quran)។ សារនោះបានសរសេរយ៉ាងដូច្នេះថា «មានការលើកឡើងអំពីអ៉ីស្រាអែល៤៣លើក នៅក្នុងគម្ពីរកូអាន។ ដោយឡែក គ្មានការលើកឡើងអំពីប៉ាឡេស្ទីន សូម្បីតែម្តង។ ភស្តុតាងផ្នែកបុរាណវិទ្យាទាំងអស់ ដូចជាផែនទី ឯកសារ និងកាក់ជាដើម សុទ្ធតែបង្ហាញថា ជនជាតិជ្វីហ្វគឺជាជនជាតិដើម នៅលើទឹកដីនេះ»។ សារ Facebook ដដែលនោះ ត្រូវបានលុបចោលវិញ ក្នុងថ្ងៃដដែល។
លោក K Shanmugan បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃចន្ទនេះថា លោកមានការមិនពេញចិត្តជាខ្លាំង ពេលបានដឹងអំពីការបង្ហោះសារខាងលើ។ លោកបានបន្តថា ក្រសួងមហាផ្ទៃសិង្ហបុរី បានជូនដំណឹងទៅកាន់ក្រសួងការបរទេសសិង្ហបុរី ហើយខាងក្រសួងការបរទេសក៏បានប្រាប់បន្ត ទៅកាន់ស្ថានទូតអ៉ីស្រាអែលថា ការបង្ហោះសារលើ Facebook នោះ ត្រូវតែលុបចោលវិញជាបន្ទាន់។
លោក K Shanmugan បានលើកហេតុផលថា ការបង្ហោះសារខាងលើគឺខុសធ្ងន់ណាស់ ដោយទីមួយគឺវាគ្មានការគិតគូរវែងឆ្ងាយ និងមិនសមរម្យ ហើយទីពីរគឺវាអាចបង្កហានិភ័យចំពោះសុវត្ថិភាព សន្តិសុខ និងភាពសុខដុមរមនានៃប្រទេសសិង្ហបុរី។ លោករដ្ឋមន្រ្តីសិង្ហបុរី បានបន្ថែមដូច្នេះថា «យើងមើលថែសុវត្ថិភាពរបស់មនុស្សគ្រប់គ្នានៅសិង្ហបុរី ទាំងជនជាតិភាគច្រើននិងជនជាតិភាគតិច រួមមានទាំងជ្វីហ្វ និងមូស្លីម»។ ជាចុងក្រោយ លោក K Shanmugan បានសង្កត់ធ្ងន់ថា ការបង្ហោះសារដូចខាងលើនេះ អាចនឹងដុតបញ្ឆេះភាពតានតឹង ហើយអាចធ្វើឱ្យសហគមន៍ជនជាតិជ្វីហ្វ ស្ថិតក្រោមហានិភ័យ៕