(វ៉ាស៉ីនតោន)៖ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក និងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida គ្រោងបង្ហាញពីផែនការដើម្បីរៀបចំរចនាសម្ព័ន្ធនៃទីបញ្ជាការយោធាអាមេរិក នៅក្នុងប្រទេសជប៉ុនឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ ២០២៤។
ផែនការនោះ នឹងពង្រឹងលើគម្រោងធ្វើប្រតិបត្តិការ ក៏ដូចជាការរៀបចំសមយុទ្ធយោធារវាងប្រទេសទាំងពីរ។ បើតាមកាសែត Financial Times ការប្រកាសនឹងធ្វើឡើងនៅឯសេតវិមាន នាថ្ងៃទី១០ ខែមេសា ដោយលោក បៃដិន ត្រូវទទួលស្វាគមន៍ លោក Kishida នៅក្នុងកម្មវិធីផ្លូវការមួយ ក៏ដូចជាកិច្ចប្រជុំគោលនយោបាយ។ ជុំវិញព័ត៌មាននេះ Reuters នៅមិនទាន់ទទួលបានការឆ្លើយតបពីសេតវិមាន ទីប្រឹក្សាសន្តិសុខជាតិ និងក្រសួងការបរទេសអាមេរិកទេ ខណៈមន្រ្តីរដ្ឋាភិបាលជប៉ុនមិនអាចទាក់ទងបាន។
គួរបញ្ជាក់ថា ទីក្រុងវ៉ាស៉ីនតោនបានផ្តល់ការគាំទ្រយ៉ាងមុតមាំលើការកសាងផ្នែកយោធាដ៏ធំមួយដោយជប៉ុន ខណៈដែលសកម្មភាពយោធា និងសន្តិសុខ រវាងសហរដ្ឋអាមេរិកជាមួយសម្ព័ន្ធមិត្តសំខាន់ៗក្នុងតំបន់អាស៉ីកាន់តែត្រូវបានពង្រឹងថែមទៀត។
ជប៉ុន បានសន្យាបង្កើនការចំណាយលើវិស័យការពារជាតិទ្វេដងរហូតដល់ ២ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន និងដើម្បីទិញមីស៉ីលដែលអាចវាយប្រហារលើនាវា ឬគោលដៅនៅចម្ងាយ ១,០០០គីឡូម៉ែត្រ។ ថ្មីៗនេះ ជប៉ុនថែមទាំងបានហៅមហាអំណាចយោធាដែលកំពុងពង្រីកខ្លួនយ៉ាងឆាប់រហ័សគឺចិនថា ជាក្តីបារម្ភយ៉ាងធ្ងន់ធ្ងរសម្រាប់ជប៉ុន រួមទាំងសហគមន៍អន្តរជាតិ៕