(គៀវ)៖​ ទីក្រុងគៀវបាននិយាយថា កាលពីព្រឹកថ្ងៃអាទិត្យ ទី២៤ ខែមីនា នេះ រុស្ស៊ីបានបើកការវាយប្រហារដោយមីស៊ីលទ្រង់ទ្រាយធំ លើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងតំបន់ Lviv ភាគខាងលិចនៃប្រទេសអ៊ុយក្រែន នៅក្នុងការវាយប្រហារតាមអាកាសដ៏ធំមួយ ដែលបានឃើញមីស៊ីលមួយគ្រាប់ ហោះចូលទៅក្នុងដែនអាកាសប្រទេសប៉ូឡូញ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤។

ក្រុងគៀវបាននិយាយថា ទីក្រុងមូស្គូបានបាញ់បង្ហោះមីស៊ីល និងយន្តហោះគ្មានមនុស្សបើកចំនួន ៥៧ គ្រឿងក្នុងការវាយប្រហារ ដែលសំដៅទៅលើរដ្ឋធានីគៀវផងដែរ ដែលវាបានកើតឡើងតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការទម្លាក់គ្រាប់បែកពីលើអាកាសដ៏ធំបំផុត លើប្រព័ន្ធថាមពលរបស់អ៊ុយក្រែន ចាប់តាំងពីសង្គ្រាមអស់រយៈពេលជាងពីរឆ្នាំមកនេះ។

អភិបាលតំបន់ Lviv លោក Maksym Kozytskyi បានសរសេរនៅលើកម្មវិធីផ្ញើសារ Telegram ដូច្នេះថា «ការវាយប្រហារបឋមចំនួនពីរលើក ត្រូវបានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅពេលយប់»។ លោកបានបន្ថែមដោយមិនបានបញ្ជាក់ពីទីតាំង ថា «ការវាយប្រហារនេះបានប្រើប្រាស់មីស៊ីលល្បឿនលឿនជាងសំឡេង Kinzhal ដែលពិបាកបាញ់ទម្លាក់»

កងកម្លាំងអាកាសអ៊ុយក្រែនបាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានបំផ្លាញមីស៊ីលចំនួន ១៨ គ្រាប់​ក្នុងចំណោម ២៩ ដែលបាញ់ចូលមក និងយន្តហោះគ្មានមនុស្សបើកចំនួន ២៥ គ្រឿងក្នុងចំណោម ២៨។ ទោះជាយ៉ាងណា មិនមានព័ត៌មានលម្អិតពីការខូចខាតនោះទេ ប៉ុន្តែការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនេះ អាចបង្ហាញថា រុស្ស៊ីកំពុងព្យាយាមដាក់សម្ពាធលើប្រព័ន្ធថាមពលអ៊ុយក្រែន បន្ទាប់ពីរងការវាយប្រហារកាលពីថ្ងៃសុក្រ ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនី។

ប្រធានរដ្ឋបាលយោធាក្រុងគៀវ លោក Serhiy Popko បាននិយាយថា មានការផ្ទុះជាច្រើននៅក្នុងទីក្រុងគៀវនៅពេលព្រឹកព្រលឹម ហើយប្រព័ន្ធការពារដែនអាកាសបានបំផ្លាញមីស៊ីលរាប់សិបគ្រាប់ ពីលើរដ្ឋធានី និងតំបន់ជុំវិញនោះ។ ប៉ុន្តែលោក​បានបន្ថែមថា ការ​វាយ​ប្រហារ​នេះ​បាន​បណ្តាល​ឲ្យ​មាន​ការ​ខូច​ខាត​តិចតួច​ប៉ុណ្ណោះ។

គួរជម្រាបថា នាប៉ុន្មានថ្ងៃចុងក្រោយនេះ ទីក្រុងមូស្គូបាន និងកំពុងបើកការវាយប្រហារលើអ៊ុយក្រែន នៅក្នុងអ្វីដែលខ្លួននិយាយថា ជាការសងសឹកចំពោះការវាយប្រហាររបស់អ៊ុយក្រែនលើទឹកដីរបស់ខ្លួន ក្នុងអំឡុងពេលបោះឆ្នោតប្រធានាធិបតីរុស្ស៊ី៕