(វ៉ាសូវី)៖ យោធាប៉ូឡូញ បានឱ្យដឹងថាមីស៊ីលមួយគ្រាប់របស់រុស្ស៉ី ដែលវាយប្រហារលើទីក្រុងស្ថិតនៅភាគខាងលិចប្រទេសអ៊ុយក្រែន បានហោះបំពានចូលដែនអាកាស របស់ប៉ូឡូញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X នៅថ្ងៃអាទិត្យ ទី២៤ ខែមីនានេះ យោធាប៉ូឡូញបានបញ្ជាក់ដូច្នេះថា «ក្នុងរយៈពេលជិត ៤០វិនាទី ដែនអាកាសប៉ូឡូញ ត្រូវបានបំពានដោយមីស៊ីលគ្រូសមួយគ្រាប់របស់កងទ័ពអាកាស...នៃសហព័ន្ធរុស្ស៉ី»។ សេចក្ដីថ្លែងការណ៍ដដែលបន្តទៀតថា «វត្ថុដែលហោះបំពានចូលដែនអាកាសប៉ូឡូញ គឺបានហោះកាត់ភូមិ Oserdow ក្នុងរយៈពេល ៣៩វិនាទី»

គួរបញ្ជាក់ថា បើតាមយោធាប៉ូឡូញ មីស៊ីលគ្រូសរុស្ស៉ីត្រូវបានចាប់សញ្ញាដោយរ៉ាដានៃប្រព័ន្ធការពារដែនអាកាស ដែលត្រូវបានដាក់ឱ្យធ្វើប្រតិបត្តិការ អំឡុងមានឧបទ្ទវហេតុ នេះកើតឡើង។ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ហេតុការណ៍ស្រដៀងគ្នានេះក៏បានកើតឡើងផងដែរ ដោយនៅពេលនោះមីស៊ីលរុស្ស៉ីមួយគ្រាប់បានទម្លុះចូលដែនអាកាស ប៉ូឡូញ ជាច្រើននាទី មុននឹងធ្លាក់ចូលទឹកដីអ៊ុយក្រែន។ ចំណែកឯ កាលពីខែវិច្ឆិកា ឆ្នាំ២០២២វិញ មនុស្ស ២នាក់ ត្រូវបានសម្លាប់នៅពេលដែលមីស៊ីលមួយគ្រាប់ បាញ់ចេញ ពីប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន ដើម្បីស្ទាក់បំផ្លាញមីស៊ីលរុស្ស៉ី បានធ្លាក់ចូលភូមិ Przewodow របស់ប៉ូឡូញ ស្ថិតនៅក្បែរព្រំដែនអ៊ុយក្រែន។

មុនមីស៊ីលនេះត្រូវបានបញ្ជាក់ថាជារបស់អ៊ុយក្រែន មានការភ័យខ្លាចជាច្រើននៅក្នុងចំណោមសមាជិក NATO ពីលទ្ធភាពនៃការផ្ទុះរាលដាលសង្រ្គាមកាន់តែធំ ដ្បិតប៉ូឡូញ គឺជាសមាជិកបក្សសម្ព័ន្ធយោធាមួយនេះដែរ៕