(មូស្គូ)៖ រុស្ស៉ី នៅថ្ងៃអាទិត្យ ទី២៤ ខែមីនានេះបានបង្ហូតទង់ជាតិត្រឹមពាក់កណ្ដាល ដើម្បកាន់ទុក្ខដល់ជនរងគ្រោះដែលបានស្លាប់ក្នុងការវាយប្រហារភេរវកម្ម នៅសាល ប្រគំតន្ត្រីមួយកន្លែងស្ថិតនៅជាយទីក្រុងមូស្គូ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
កាលពីយប់ថ្ងៃសុក្រកន្លងទៅ ជនប្រដាប់ដោយអាវុធមួយក្រុម ដែលពួកភេរវករ ISIS អះអាងថា ជាសមាជិករបស់ខ្លួន បានធ្វើសកម្មភាពបាញ់ប្រហារលើជនស៉ីវិល នៅឯ អគារមជ្ឈមណ្ឌលប្រគំតន្រ្តី Crocus City Hall មានចម្ងាយប្រហែល២០គីឡូម៉ែត្រ ពីវិមានក្រឹមឡាំង។ បើតាមក្រុមមន្ត្រីរុស្ស៉ី មនុស្សយ៉ាងហោច ១៣៣នាក់ ក្នុងនោះមាន កុមារ៣នាក់បានស្លាប់ និងជាង ១៥០នាក់ផ្សេងទៀតរងរបួស ហើយមនុស្សសរុប ១១នាក់ ក្នុងនោះរួមមានទាំងពួកភេរវករទាំង៤នាក់ ដែលបានធ្វើសកម្មភាព បាញ់ប្រហារផ្ទាល់ត្រូវបានចាប់ខ្លួន។
ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសកាន់ទុក្ខរយៈពេលមួយថ្ងៃនៅទូទាំងប្រទេស បន្ទាប់ពីបានសន្យាថានឹងតាមប្រមាញ់ និងសងសឹកចំពោះអ្នកដែលនៅ ពីក្រោយការវាយប្រហារភេរវកម្មដ៏កក្រើក ក្នុងទីក្រុងមូស្គូ និងដែលជាការវាយប្រហារផ្ដាច់ជីវិតមនុស្សច្រើនបំផុតមួយក្នុងរយៈពេលជាង ២ទសវត្សរ៍មកនេះ។ លោក ពូទីន បានកត់សម្គាល់ដូច្នេះថា «ខ្ញុំសូមសម្ដែងមរណទុក្ខយ៉ាងក្រៀមក្រំ ដល់អ្នកដែលបានបាត់មនុស្សជាទីស្រឡាញ់របស់ពួកគេ។ ប្រទេស និងប្រជាជនយើងទាំងមូលមានទុក្ខ ក្រៀមក្រំជាខ្លាំងជាមួយអ្នករាល់គ្នា»។
គួរបញ្ជាក់ថា ក្រុមភេរវករ ISIS បានអះអាងថាសមាជិករបស់ខ្លួន គឺជាអ្នកបើកការវាយប្រហារលើទីក្រុងមូស្គូ។ ប៉ុន្តែលោក ពូទីន មិនបាននិយាយជាសាធារណៈ ឬលើកឡើងថាក្រុមភេរវករនេះពិតជាអ្នកនៅពីក្រោយការវាយប្រហារនោះទេ។ ផ្ទុយទៅវិញ លោកបានចោទប្រកាន់ដោយប្រយោលលើអ៊ុយក្រែន ជាមួយការបញ្ជាក់ថា ពួកភេរវករដែលត្រូវចាប់ខ្លួនបានព្យាយាមរត់ចូលទឹកដីអ៊ុយក្រែន ក្រោមការរៀបចំជួយសម្រួលរួចជាស្រេច។ ក៏ប៉ុន្តែ ទីក្រុងកៀវបានទាត់ចោទការប្រកាន់នេះហើយថា ខ្លួនមិនមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារនេះនោះទេ៕