(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃសៅរ៍ ទី២៣ ខែមីនា បានសន្យាថានឹងតាមវែកមុខ ហើយសងសឹកចំពោះអ្នកដែលនៅពីក្រោយ ការវាយប្រហារភេរវកម្ម នៅឯកន្លែងប្រគំតន្រ្តីមួយ ក្បែរទីក្រុងមូស្គូកាលពីថ្ងៃសុក្រ ខណៈចំនួនអ្នកស្លាប់បានកើនដល់១៣៣នាក់ ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៤ ខែមីនា ឆ្នាំ២០២៤។

អភិបាលតំបន់មូស្គូ លោក Andrei Vorobyov បានឱ្យដឹងថាសាកសពមនុស្ស ១៣៣នាក់ ត្រូវបានរកឃើញ និងទាញចេញពីគំនរបែកបាក់ក្នុងរយៈពេល ២៤ម៉ោង ហើយក្រុមគ្រូពេទ្យកំពុងព្យាយាមជួយសង្រ្គោះជីវិតមនុស្ស ១០៧នាក់។ ដោយឡែក នៅក្នុងសុន្ទរកថាមួយតាមកញ្ចក់ទូរទស្សន៍វិញ លោក ពូទីន ក៏បានបញ្ជាក់ដែរថាមនុស្ស១១នាក់ ក្នុងនោះមានទាំងពួកភេរវករ ៤នាក់ដែលបានធ្វើសកម្មភាពបាញ់ប្រហារផ្ទាល់ត្រូវបានចាប់ខ្លួន។ លោកបន្ថែមដូច្នេះថា «ពួកគេបានព្យាយាមលាក់ខ្លួន និងរត់ឆ្ពោះទៅកាន់អ៊ុយក្រែន ជាទីដែលទ្វារបានបើករួចជាស្រេចសម្រាប់ពួកគេឆ្លងព្រំដែន»

ប៉ុន្តែ អ៊ុយក្រែនបានចេញបដិសេធថាខ្លួនមិនមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្មក្នុងទីក្រុងមូស្គូនោះទេ និងចោទថាលោក ពូទីន មានចេតនាទម្លាក់ កំហុសលើទីក្រុងកៀវ។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃសុក្រសប្តាហ៍នេះ ជនប្រដាប់ដោយអាវុធមួយក្រុម ដែលពួកភេរវករ ISIS អះអាងថា ជាសមាជិករបស់ខ្លួន បានធ្វើសកម្មភាព បាញ់ប្រហារលើជនស៉ីវិល នៅឯអគារមជ្ឈមណ្ឌលប្រគំតន្រ្តី Crocus City Hall មានចម្ងាយប្រហែល២០គីឡូម៉ែត្រ ពីវិមានក្រឹមឡាំង។ ក្រៅពីបណ្តាលឱ្យ មនុស្សស្លាប់កើនដល់១៣៣នាក់ និងរងរបួសលើស១០០នាក់ផ្សេងទៀត ពួកភេរវករក៏បានបង្កឱ្យមានអគ្គិភ័យយ៉ាងសន្ធោសន្ធៅ នៅទីនោះផងដែរ៕