(តូក្យូ)៖ លោកនាយករដ្ឋមន្រ្តី Kishida Fumio បាននិយាយនៅថ្ងៃសៅរ៍នេះថា ជប៉ុននឹងធ្វើការដើម្បីពង្រឹងវិស័យការពារជាតិ ក៏ដូចជាសមត្ថភាពផ្នែកការទូតដើម្បីរក្សាសន្តិភាព ខណៈដែលការកសាងយោធានៅជុំវិញប្រទេស បាននិងកំពុងកើនឡើង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ ២០២៤។
ទូរទស្សន៍ជប៉ុន NHK បានរាយការណ៍ថា ថ្លែងនៅឯពិធីបញ្ចប់ការសិក្សានៃបណ្ឌិតសភាការពារជាតិ ក្នុងទីក្រុង Yokosuka លោក Kishida បញ្ជាក់ថា «ការកសាងកម្លាំងយោធា រួមទាំងការអភិវឌ្ឍនុយក្លេអ៊ែរ និងមីស៉ីល កំពុងជឿនលឿនទៅមុខនៅក្នុងជុំវិញប្រទេសជប៉ុន ខណៈដែលការព្យាយាមផ្លាស់ប្តូរស្ថានភាពដើមជាឯកតោភាគី ដោយប្រើកម្លាំងយោធាកំពុងកើនឡើង»។ លោក Kishida បានបន្ថែមថា ជប៉ុនប្រឈមមុខនឹងបរិយាកាសសន្តិសុខ «ដ៏ស្មុគស្មាញ និងធំបំផុត» គិតចាប់តាំងពីសង្គ្រាមលោកលើកទី ២ ហើយរដ្ឋាភិបាលនឹងពង្រឹងសមត្ថភាពការពារ និងផ្នែកការទូតរបស់ខ្លួន ដើម្បីរក្សាសន្តិភាព ក៏ដូចជាទប់ស្កាត់ភាពអាសន្នផ្នែកសន្តិសុខ។
គួរបញ្ជាក់ថា លោក Kishida និងលោកប្រធានាធិបតី ចូ បៃដិន គ្រោងបើកកិច្ចប្រជុំកំពូលនៅថ្ងៃទី១០ ខែមេសា លើទឹកដីសហរដ្ឋអាមេរិក ក្នុងគោលបំណងជំរុញសម្ព័ន្ធភាពសន្តិសុខទ្វេភាគីដែលមានជាយូរមកហើយ ចំពោះមុខការកើនឡើងឥទ្ធិពលចិន និងការបន្តការសាកល្បងសមត្ថភាពយោធារបស់កូរ៉េខាងជើង៕