(ឡុងដ៍)៖ ព្រះនាង Kate ដែលត្រូវជាមហេសីរបស់រជ្ជទាយាទចក្រភពអង់គ្លេស គឺព្រះអង្គម្ចាស់ William កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានប្រកាសឱ្យដឹងថា ទ្រង់បាននិងកំពុងទទួលការព្យាបាលដោយប្រើថ្នាំគីមី បន្ទាប់ពីព្រះនាងម្ចាស់ បានទទួលការវះកាត់សំខាន់មួយពាក់ព័ន្ធសរីរាង្គក្នុងពោះ កាលពីខែមករា ហើយការធ្វើតេស្តក្រោយមក បានបង្ហាញថា ទ្រង់មានជំងឺមហារីក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០២៤។
ព្រះនាង Kate ដែលមានព្រះជន្ម៤២ព្រះវស្សា បានចំណាយពេល២សប្តាហ៍ សម្រាកនៅមន្ទីរពេទ្យកាលពីខែមករា ដើមឆ្នាំនេះ ក្រោយទទួលការវះកាត់មួយដែលគ្រោងទុកជាមុន ដោយជោគជ័យ ហើយកាលនោះ ការិយាល័យព្រះនាងអះអាងថា មិនជាប់ពាក់ព័ន្ធមហារីកទេ។ យ៉ាងណាមិញ បើតាមសារវីដេអូរបស់ព្រះនាងផ្ទាល់ប្រកាសពីដំណឹងខាងលើ ការធ្វើតេស្តតាមដានក្រោយពេលវះកាត់ ទើបបានរកឃើញ វត្តមាននៃជំងឺមហារីក។ ព្រះនាង Kate បានអះអាងថា ទ្រង់កំពុងស្ថិតក្នុងការព្យាយាមដំណាក់កាលដំបូង។
ក្រោយការវះកាត់របស់ព្រះនាង Kate រាជវាំងចក្រភពអង់គ្លេស បាននិយាយថា ព្រះនាងម្ចាស់ នឹងមិនទាន់យាងមកបំពេញព្រះរាជកិច្ច ដូចធម្មតាវិញឡើយរហូតទាល់តែក្រោយបុណ្យ Easter ដែលត្រូវចំចុងខែមីនានេះ។ ទោះជាបែបនេះក្តី ការបាត់ព្រះភ័ក្រ្តទាំងស្រុងរបស់ទ្រង់ពីទីសាធារណៈ តាំងតែពីចុងខែធ្នូ ឆ្នាំ២០២៣ បានបង្កឱ្យមានការសន្និដ្ឋាន និងពាក្យចចាមអារ៉ាមផ្សេងៗ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ស្តីពីស្ថានភាពសុខភាពនិងសុខុមាលភាពរបស់ព្រះនាង។ ទ្រង់ទើបតែត្រូវបានគេប្រទះឃើញវត្តមានវិញ កាលពីពេលថ្មីៗនេះប៉ុណ្ណោះ។
គួរបញ្ជាក់ថា ពេលវេលានៃការជ្រើសរើសប្រកាសអំពីដំណឹងខាងលើ គឺដើម្បីធានាថា ព្រះបុត្រា-បុត្រីរបស់ទ្រង់ គឺព្រះអង្គម្ចាស់ George ព្រះជន្ម១០វស្សា, ព្រះនាង Charlotte ព្រះជន្ម៨វស្សា និងព្រះអង្គម្ចាស់ Louis ព្រះជន្ម៥វស្សា មានពេលគ្រប់គ្រាន់ដើម្បីស្វែងយល់អំពីដំណឹងនេះ មុនពេលវាត្រូវបានប្រកាសជាសាធារណៈ ហើយដោយសារតែថ្ងៃសុក្រសប្តាហ៍នេះ គឺជាថ្ងៃចាប់ផ្តើមនៃពេលឈប់សម្រាកនៅសាលារៀន របស់ទ្រង់ទាំង៣។ កាលពីខែកុម្ភៈកន្លងទៅ ព្រះរាជវាំងអង់គ្លេស ក៏បានប្រកាសឱ្យដឹងផងដែរថា ព្រះមហាក្សត្រចក្រភពអង់គ្លេស គឺស្តេច Charles ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញជំងឺមហារីកដូចគ្នា ហើយព្រះអង្គនឹងត្រូវផ្អាកព្រះរាជកិច្ចមួយចំនួន ដើម្បីទទួលការព្យាបាល។ ស្ថានភាពមហារីករបស់ព្រះនាង Kate និងព្រះអង្គ Charles គឺសុទ្ធតែមិនត្រូវបានបញ្ជាក់ច្បាស់ថា ជាប្រភេទជំងឺមហារីកអ្វីឡើយ៕