(វ៉ាស៉ីនតោន)៖ សេតវិមានបានឱ្យដឹងថា នៅក្នុងខែមីនានេះ សហរដ្ឋអាមេរិកបានព្រមានអាជ្ញាធររុស្ស៉ី អំពីលទ្ធភាពនៃការវាយប្រហារភេរវកម្មមួយ ដែលមានគោលដៅលើកន្លែងប្រមូលផ្តុំមនុស្សច្រើនៗ នៅទីក្រុងមូស្គូ ខណៈហេតុការណ៍បាញ់ប្រហារទ្រង់ទ្រាយធំ បានផ្តាច់ជីវិតមនុស្សយ៉ាងហោចជាង៦០នាក់ នៅជាយរដ្ឋធានីរបស់រុស្ស៉ី កាលពីយប់ថ្ងៃសុក្រ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០២៤។
លោកស្រី Adrienne Watson អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក បាននិយាយដូច្នេះថា «នាពេលកន្លងទៅក្នុងខែមីនានេះ រដ្ឋាភិបាលអាមេរិកមានព័ត៌មាន អំពីផែនការវាយប្រហារភេរវកម្មមួយ នៅទីក្រុងមូស្គូ ដោយអាចកំណត់គោលដៅលើ ទីតាំងប្រមូលផ្តុំមនុស្សចំនួនច្រើនៗ គឺរួមមានទាំងកន្លែងប្រគំតន្រ្តីផងដែរ ហើយទីក្រុងវ៉ាស៉ីនតោនបានចែករំលែកព័ត៌មាននេះ ជាមួយអាជ្ញាធររុស្ស៉ី»។
លោកស្រី Watson បានបន្តថា រដ្ឋាភិបាលអាមេរិកបានធ្វើបែបនោះ ដោយយោងទៅតាមគោលការណ៍យូរមកហើយរបស់ខ្លួន ដែលតម្រូវឱ្យសហរដ្ឋអាមេរិក មានភារកិច្ចត្រូវជូនដំណឹងទៅកាន់ប្រទេសដទៃ ឬក្រុមណាមួយ នៅពេលខ្លួនទទួលបានព័ត៌មានសម្ងាត់ ស្តីពីការគំរាមកំហែងជាក់លាក់ ដែលមានគោលដៅជាប់ជំរិត ឬសម្លាប់ជនរងគ្រោះជាច្រើននាក់។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃសុក្រ ខ្មាន់កាំភ្លើងមួយក្រុម បានបើកការបាញ់ប្រហារក្នុងសាលប្រគំតន្រ្តីមួយ នៅជាយទីក្រុងមូស្គូ ដែលបានបង្កឱ្យមនុស្សយ៉ាងហោចជាង ៦០នាក់បាត់បង់ជីវិត និងលើស១០០នាក់ទទួលរងរបួស ហើយបណ្តាលឱ្យមានគ្រោះអគ្គិភ័យយ៉ាងសន្ធោសន្ធៅ នៅទីនោះថែមទៀតផង។ ក្រុមភេរវករ ISIS បានចេញមុខអះអាងថា ការវាយប្រហារនេះគឺជាសកម្មភាពរបស់ខ្លួន ហើយក្រុមមន្រ្តីអាមេរិក ក៏បាននិយាយដែរថា វាទំនងជាស្នាដៃរបស់ពួក ISIS ប្រាកដមែន៕