(ប៉េកាំង)៖ បេសកជនពិសេសចិនទទួលបន្ទុកកិច្ចការអឺរ៉ាស៉ី លោក Li Hui បាននិយាយនៅថ្ងៃសុក្រនេះថា ទាំងរុស្ស៉ីនិងអ៊ុយក្រែនសុទ្ធតែជឿជាក់ថា សង្រ្គាមនៅទីបំផុតនឹងបញ្ចប់ទៅវិញតាមរយៈការចរចា បើទោះបីជាភាគីជម្លោះទាំងពីរ មានទស្សនៈផ្ទុយគ្នាខ្លាំង ចំពោះកិច្ចពិភាក្សារកសន្តិភាព និងបន្តប្រកាន់ជំហររៀងៗខ្លួនយ៉ាងរឹងមាំក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០២៤។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ស្តីពីដំណើរទស្សនកិច្ចចុងក្រោយបំផុតរបស់លោក ទៅកាន់រុស្ស៉ី អ៊ុយក្រែន និងប្រទេសអឺរ៉ុបមួយចំនួនទៀត នាពេលកន្លងទៅនេះ លោក Li បាននិយាយយ៉ាងដូច្នេះថា «ភាគីទាំងសងខាងនៅតែប្រកាន់ខ្ជាប់យ៉ាងរឹងមាំ នូវគោលជំហររៀងៗខ្លួនរបស់ពួកគេ ហើយវាមានចន្លោះប្រហោងធំមួយ ក្នុងការយល់ឃើញរបស់ភាគីទាំងពីរ ជុំវិញកិច្ចពិភាក្សាស្វែងរកសន្តិភាព ប៉ុន្តែទោះជាបែបនេះក្តី ប្រទេសទាំងពីរសុទ្ធតែយល់ស្របថា ការនិយាយចរចាគ្នា ជាជាងកាំភ្លើង ដែលនៅទីបំផុតនឹងបិទបញ្ចប់សង្រ្គាមនេះ»។
គួរបញ្ជាក់ថា ចិននិងរុស្ស៉ីបានចុះកិច្ចព្រមព្រៀងភាពជាដៃគូគ្មានដែនកំណត់ មិនយូរប៉ុន្មាននោះឡើយ មុនពេលសង្រ្គាមផ្ទុះឡើងនៅខែកុម្ភៈ ឆ្នាំ២០២២ ហើយទីក្រុងប៉េកាំងមិនបានចូលរួមថ្កោលទោសទីក្រុងមូស្គូ សម្រាប់ការចូលឈ្លានពានអ៊ុយក្រែនទេ។ យ៉ាងណាមិញ ទីក្រុងកៀវ ធ្លាប់បានលើកឡើងថា ចិនចាំបាច់ត្រូវតែចូលរួមពាក់ព័ន្ធ ក្នុងកិច្ចពិភាក្សាដើម្បីជួយបញ្ចប់សង្រ្គាម។
នាពេលនេះ កងកម្លាំងរុស្ស៉ីកំពុងស្ថិតក្នុងជំហរវាយលុកទៅមុខដោយសន្សឹមៗឡើងវិញ និងកំពុងគ្រប់គ្រងទឹកដីប្រហែលជិត ១ភាគ៥ របស់អ៊ុយក្រែន។ ប្រតិបត្តិការវាយបករបស់អ៊ុយក្រែនកាលពីឆ្នាំមុន បានទទួលបរាជ័យ បន្ទាប់ពីកងកម្លាំងពួកគេ បានវាយបណ្តេញកងកម្លាំងរុស្ស៉ី ចេញពីទឹកដីមួយភាគធំ នៅភាគខាងកើតនិងខាងត្បូង កាលពីឆ្នាំ២០២២៕