(រីយ៉ាដ)៖ ទីភ្នាក់ងារផ្តល់ជំនួយមនុស្សធម៌របស់អារ៉ាប៊ីសាអូឌីត បានសន្យាថានឹងបង្កើនថវិកាមូលនិធិ សម្រាប់ទីភ្នាក់ងារជួយសង្រ្គោះ និងការងារសម្រាប់ប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ (UNRWA) ឱ្យដល់ចំនួន ៤០លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ ២០២៤។

កន្លងមក មជ្ឈមណ្ឌល King Salman Humanitarian Aid and Relief Center (KSrelief) ដែលជាទីភ្នាក់ជួយ ដល់តំបន់ហ្គាហ្សាដែរនោះ ធ្លាប់រំលែកថវិកាចំនួន ២លានដុល្លារឱ្យទៅ UNRWA កាលពីខែតុលា ឆ្នាំ ២០២៤។ ការប្រកាសបរិច្ចាគបន្ថែមនោះ ធ្វើឡើងបន្ទាប់ពី UNRWA ប្រឈមមុខនឹងវិបត្តិថវិកាយ៉ាងធ្ងន់ធ្ងរ ដោយសារតែម្ចាស់ជំនួយធំៗដូចជា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ផ្អាកការផ្តល់មូលនិធិរបស់ខ្លួន។ ទោះបីជា កាណាដា អូស្រ្តាលី និងស៊ុយអែតបានបន្តផ្តល់ មូលនិធិដល់ទីភ្នាក់ងារនេះឡើងវិញ តែនៅមិនគ្រប់គ្រាន់ទេ ខណៈបណ្តាប្រទេសក្នុងតំបន់ឈូងសមុទ្រពែរ្ស ស្នើអារ៉ាប៊ីសាអូឌីត បង្កើនមូលនិធិថែមទៀត។

គួរបញ្ជាក់ថា កាលពីដើមសប្តាហ៍ UN បានចេញរបាយការណ៍ព្រមានថា ភាគខាងជើងតំបន់ហ្គាហ្សា កាន់ខិតជិតទៅរកការប្រឈមនឹង គ្រោះទុរ្ភិក្ស ចំពោះមុខសម្ពាធជាអន្តរជាតិកាន់ខ្លាំងឡើងលើអ៉ីស្រាអែល អនុញ្ញាតឱ្យមានការនាំយកជំនួយមនុស្សធម៌ ចូលក្នុងតំបន់ហ្គាហ្សាបន្ថែមទៀត៕