(ហាណូយ)៖ សភាវៀតណាមនាថ្ងៃព្រហស្បតិ៍នេះ បានតែងតាំងអនុប្រធានាធិបតី លោកស្រី Vo Thi Anh Xuan ជាប្រមុខរដ្ឋស្តីទី បន្ទាប់ពីប្រធានាធិបតីលោក Vo Van Thuong ត្រូវបានបង្ខំឱ្យលាលែងពីតំណែង ចំពោះមុខយុទ្ធនាការបោសសំអាតអំពើពុករលួយ របស់គណបក្សកុម្មុយនិស្តវៀតណាម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤។
លោក Thuong អាយុ៥៣ឆ្នាំ ក្លាយជាប្រធានាធិបតីវៀតណាមទី២ ដែលបានធ្លាក់ពីតំណែង ក្នុងរយៈពេលត្រឹមតែជាង១ឆ្នាំប៉ុណ្ណោះ ហើយប្រការនេះធ្វើឱ្យលោកស្រី Xuan ដែលស្ថិតក្នុងចំណោមស្រ្តីមួយចំនួនតូច ដែលកាន់តួនាទីធំក្នុងនយោបាយវៀតណាម ត្រូវចូលកាន់តួនាទីជាប្រធានាធិបតីស្តីទី សាជាថ្មីម្តងទៀត មុនពេលប្រធានាធិបតីថ្មី ត្រូវបានសភាជ្រើសតាំង។ លោកស្រី Xuan ធ្លាប់ធ្វើជាប្រធានាធិបតីស្តីទីបាន៦សប្តាហ៍ បន្ទាប់ពីលោក Nguyen Xuan Phuc បានលាលែងពីតំណែងប្រធានាធិបតី កាលពីឆ្នាំមុន ដោយសារតែអំពើរំលោភបំពាន និងការប្រព្រឹត្តខុសឆ្គង ដោយក្រុមមន្រ្តីស្ថិតក្រោមឱវាទរបស់លោក។
កាលពីថ្ងៃពុធសប្តាហ៍នេះ គណៈកម្មាធិការមជ្ឈិមនៃបក្សកុម្មុយនិស្តវៀតណាម បានទទួលយកការលាលែងពីតំណែងរបស់លោក Thuong និងបានដករូបលោកចេញពី ការិយាល័យនយោបាយ ដែលជាស្ថាប័នមានឥទ្ធិពលកំពូលបំផុតរបស់គណបក្ស ហើយតួនាទីរបស់លោកជា ប្រធានក្រុមប្រឹក្សាសន្តិសុខនិងការពារជាតិ ក៏ត្រូវបានដកហូត ផងដែរ។ ប្រមាណជា៨៨ភាគរយ នៃសមាជិកសភាវៀតណាម បានគាំទ្រការដកតំណែងប្រធានាធិបតីរបស់លោក Thuong ក្នុងការបោះឆ្នោត នាថ្ងៃព្រហស្បតិ៍នេះ។ បើតាមគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ភាពខ្វះសមត្ថភាព និងកំហុសឆ្គងរបស់លោក Thuong បានជះផលប៉ះពាល់អវិជ្ជមានដល់សាធារណមតិ និងធ្វើឱ្យខូចមុខមាត់របស់គណបក្ស រដ្ឋ និងខ្លួនលោកផ្ទាល់។
គួរបញ្ជាក់ថា លោក Thuong ធ្លាប់ត្រូវគេមើលឃើញជា បុគ្គលមានទំនាក់ទំនងជិតស្និទ្ធជាមួយ អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ដែលជាបុគ្គលមានអំណាចធំជាងគេបង្អស់ នៅក្នុងប្រទេសវៀតណាម និងជាស្ថាបនិកយុទ្ធនាការបោសសំអាតអំពើពុករលួយ ដែលត្រូវបានពង្រឹងយ៉ាងខ្លាំង អំឡុងពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ។ សភាវៀតណាមអាចនឹងប្រកាសអំពីការជ្រើសតាំងប្រធានាធិបតីថ្មី នៅពេលដែលខ្លួនបើកសម័យប្រជុំពេញអង្គជាទូទៅ នាខែឧសភាខាងមុខ ឬក៏ឆាប់ជាងនេះ ប្រសិនបើមានការបើកសម័យប្រជុំវិសាមញ្ញ៕