(ហ្សាការតា)៖ បេក្ខជនប្រធានាធិបតីឥណ្ឌូណេស៉ី ដែលបានទទួលបរាជ័យ គឺលោក Anies Baswedan នៅថ្ងៃព្រហស្បតិ៍នេះ បានដាក់ពាក្យតវ៉ាទៅកាន់តុលាការធម្មនុញ្ញ ដើម្បីប្រឆាំងជ័យជម្នះផ្លូវការរបស់លោក Prabowo Subianto ជាមួយការចោទប្រកាន់ថា ក្បួនច្បាប់ត្រូវបានផ្លាស់ប្តូរដោយអយុត្តិធម៌ ដើម្បីអនុញ្ញាតឱ្យកូនប្រុសរបស់ ប្រធានាធិបតីចប់អាណត្តិ គឺលោក Joko Widodo អាចឈរឈ្មោះធ្វើជា អនុប្រធានាធិបតីរបស់លោក Prabowo។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤។
កាលពីថ្ងៃពុធសប្តាហ៍នេះ លទ្ធផលផ្លូវការនៃការបោះឆ្នោតប្រធានាធិបតីឥណ្ឌូណេស៉ី ត្រូវបានប្រកាស ដោយលោក Prabowo អាយុ៧២ឆ្នាំ នឹងក្លាយជាមេដឹកនាំថ្មី របស់ប្រទេសឥណ្ឌូណេស៉ី យកឈ្នះលើលោក Anies និងគូប្រជែងម្នាក់ទៀត ជាមួយសំឡេងគាំទ្រទៅដល់៥៨.៦ភាគរយ ដែលមិនចាំបាច់មានការបោះឆ្នោតជុំទី២ឡើយ។ លោក Anies ដែលបានសំឡេងគាំទ្រត្រឹម២៤.៩ភាគរយ មិនព្រមទទួលលទ្ធផលផ្លូវការនោះទេ ហើយបានរិះគន់ផ្លូវឆ្ពោះទៅកាន់ជ័យជម្នះរបស់លោក Prabowo។
យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Prabowo បានជាប់ជំពាក់ជំពិនការចោទប្រកាន់ថា លោក Joko Widodo ដែលប្រជាជននិយមហៅថា Jokowi បានជ្រៀតជ្រែក ដំណើរការបោះឆ្នោត ដើម្បីប៉ុនប៉ងបង្កើតរបបនយោបាយទាយាទនិយម តាមរយៈការកែប្រែក្បួនច្បាប់ ដែលអនុញ្ញាតឱ្យកូនប្រុសច្បងរបស់លោក គឺលោក Gibran Rakabuming Raka ឈរឈ្មោះជាអនុប្រធានាធិបតីរបស់លោក Prabowo។
ប្រធានក្រុមមេធាវីរបស់លោក Anies បាននិយាយដូច្នេះថា «យើងបានស្នើឱ្យដកសិទ្ធិបេក្ខជនអនុប្រធានាធិបតីឈ្នះឆ្នោត ហើយយើងបានស្នើឱ្យមានការបោះឆ្នោតឡើងវិញ ដោយបេក្ខជនអនុប្រធានាធិបតីរូបនោះ ត្រូវជំនួសដោយអ្នកផ្សេង។ ពួកយើងក៏បានស្នើឱ្យតុលាការធម្មនុញ្ញ ឱ្យដាក់បទបញ្ជាផងដែរលែងឱ្យប្រធានាធិបតី អាចលូកដៃជ្រៀតជ្រែក ដំណើរការបោះឆ្នោត នាពេលក្រោយៗទៀតបាន»។
គួរបញ្ជាក់ថា លោក Prabowo ត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថា នឹងជាប់ជាប្រធានាធិបតីឥណ្ឌូណេស៉ី ក្នុងការព្យាយាមជាលើកទី៣ ក្រោយបរាជ័យកាលពីឆ្នាំ២០១៤ និង២០១៩ ក្រោមដៃលោក Jokowi។ ក្រុមមេធាវីលោក Prabowo មានភាពជឿជាក់ថា លទ្ធផលបោះឆ្នោត នឹងមិនអាចត្រូវតវ៉ាដោយជោគជ័យឡើយ ដោយសារតែ គម្លាតសំឡេងគាំទ្រដ៏ធំរបស់លោក។ លោក Prabowo នឹងចូលកាន់តំណែងជាផ្លូវការ នៅខែតុលា ឆ្នាំនេះ៕