(ប៉េកាំង)៖ ពេលថ្លែងអំពីសេដ្ឋកិច្ចរបស់ចិននាពេលថ្មីៗកន្លងទៅនេះ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនធានារ៉ាប់រង PlymouthRock របស់អាមេរិកបានលើកឡើងថា "ខ្ញុំជឿថា វិស័យសុខាភិបាលរបស់ប្រទេសចិន នឹងរក្សាបាននូវកំណើនយ៉ាងឆាប់រហ័សក្នុងរយៈពេល ៥ ឆ្នាំដល់ ១០ ឆ្នាំខាងមុខនេះ ដូច្នេះ សហគ្រាសនៃបណ្តាប្រទេសនានាកំពុងបង្កើនការវិនិយោគទុនក្នុងវិស័យនេះ ។ មួយរយៈពេលកន្លងទៅនេះ សហគ្រាសបរទេសជាច្រើនបាននាំគ្នាថ្លែងថា ទីផ្សារចិនគឺមិនអាចជំនួសបានទេ ហើយពួកគេមានសុទិដ្ឋិនិយមចំពោះ និន្នាការអភិវឌ្ឍន៍ដ៏ល្អប្រសើររបស់សេដ្ឋកិច្ចចិន។

តើ "និន្នាការ" បែបនេះគឺមកពីណា? នៅថ្ងៃទី ១៨ ខែមីនា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានបើកធ្វើសន្និសីទសារព័ត៌មាន ដើម្បីធ្វើបទបង្ហាញពីស្ថានភាពដំណើរការ នៃសេដ្ឋកិច្ចជាតិចិន ចាប់ពីខែមករាដល់ខែកុម្ភៈ ឆ្នាំ២០២៤ ។ ទិន្នន័យបានបង្ហាញថា ពីខែមករាដល់ខែកុម្ភៈ តម្លៃបន្ថែមនៃឧស្សាហកម្មដែលមានទ្រង់ទ្រាយធំនៅទូទាំងប្រទេសចិន បានកើនឡើង ៧ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ សន្ទស្សន៍ឧស្សាហកម្មសេវាកម្មទូទាំងប្រទេសចិន បានកើនឡើង ៥,៨ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ទំហំទឹកប្រាក់សរុបនៃការលក់រាយទំនិញប្រើប្រាស់ ក្នុងសង្គមមានចំនួន ៨,១៣០៧ ទ្រីលានយាន់ប្រាក់ចិនដែលបានកើនឡើង ៥,៥ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំមុន ទំហំទឹកប្រាក់នាំចេញនាំចូល សរុបរបស់ចិនមានចំនួន ៦,៦១៣៨ ទ្រីលានយាន់ប្រាក់ចិនដែលបានកើនឡើង ៨,៧ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន អត្រាបាត់បង់ការងារនៅតាមទីក្រុង និងជនបទគិតជាមធ្យម គឺ ៥,៣ ភាគរយ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ (CPI) បានរក្សាកម្រិតស្មើនឹងឆ្នាំមុន គឺ មានការធ្លាក់ចុះ ០,៨ ភាគរយក្នុងខែមករានិងកើនឡើង ០,៧ ភាគរយក្នុងខែកុម្ភៈ ។ និយាយជារួម ចាប់ពីខែមករាដល់ខែកុម្ភៈ ស្របពេលដែលគោលនយោបាយម៉ាក្រូគ្រប់ផ្នែក ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព សេដ្ឋកិច្ចជាតិចិនបានបន្តស្តារឡើងវិញដែលប្រកបដោយភាពល្អប្រសើរ។

បើមើលពីការប្រើប្រាស់អាចឃើញថា ពីខែមករាដល់ខែកុម្ភៈ ឆ្នាំនេះ ទំហំសរុបនៃការលក់រាយទំនិញប្រើប្រាស់ក្នុងសង្គមបានកើនឡើង ៥,៥ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុនដែលឆ្លុះបញ្ចាំងថា កម្លាំងចលករនៃការប្រើប្រាស់បានកើនឡើង ថែមមួយកម្រិតទៀត។ តាមការឧទ្ទេសនាមនៃស្ថាប័នពាក់ព័ន្ធរបស់ចិនឱ្យដឹងថា ទន្ទឹមនឹងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ត្រូវបានជំរុញយ៉ាងស៊ីជម្រៅ ការធ្វើបច្ចុប្បន្នភាពគ្រឿងបរិក្ខារនឹងនាំមក នូវទីផ្សារដ៏ធំធេងមួយដែលមានទំហំ ក្នុងមួយឆ្នាំលើសពី ៥ ទ្រីលានយាន់ប្រាក់ចិន។

នាពេលបច្ចុប្បន្ននេះ ការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី បានក្លាយជាពាក្យគន្លឹះនៃសេដ្ឋកិច្ចរបស់ចិន ។ របាយការណ៍ការងាររដ្ឋាភិបាលឆ្នាំ ២០២៤ ក៏បានតម្កល់ទុក "ការជំរុញយ៉ាងខ្លាំងក្លានូវការកសាង ប្រព័ន្ធឧស្សាហកម្មទំនើប និងពន្លឿនការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី" ជាភារកិច្ចចម្បងផងដែរ។ ដោយសារតែការទាក់ទាញ នៃបរិយាកាសច្នៃប្រឌិតថ្មី របស់ប្រទេសចិន បានជាសហគ្រាសបរទេសជាច្រើន បាននិងកំពុងប្រកបអាជីវកម្ម និងបណ្តាក់ទុននៅប្រទេសចិន ។ ក្នុងខែមករាឆ្នាំនេះ ចិនបានបង្កើតសហគ្រាសទុនបរទេសថ្មីចំនួន ៤៥៨៨ សហគ្រាសដែលកើនឡើង ៧៤,៤ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ។ ការវិនិយោគនៅប្រទេសចិនរបស់ប្រទេសអភិវឌ្ឍន៍លោកខាងលិច បានកើនឡើងយ៉ាងខ្លាំង ក្នុងនោះ ប្រទេសបារាំងនិងស៊ុយអែត បានកើនឡើង ២៥ ដងនិង ១១ ដងដោយឡែកពីគ្នា។

ប្រការដែលគួរឱ្យចាប់អារម្មណ៍ គឺក្នុងរយៈពេល២ខែដំបូងនៃឆ្នាំ២០២៤ ការនាំចេញនាំចូលទំនិញរបស់ចិនបានកើនឡើង ៨,៧ ភាគរយបើប្រៀបធៀប នឹងរយៈពេលដូចគ្នានៃឆ្នាំមុន ដែលសុទ្ធតែសម្រេចបាននូវកំណើនវិជ្ជមាន។ តាមការផ្សាយដំណឹងនៃ《The Wall Street Journal》របស់អាមេរិកបានឱ្យដឹងថា ក្នុងរយៈពេល២ខែដំបូងនៃឆ្នាំនេះ ការនាំចេញរបស់ប្រទេសចិន គឺ "មានភាពសន្ទុះខ្លាំងក្លា" ហើយអត្រាកំណើន គឺ ខ្ពស់ជាងការប៉ាន់ប្រមាណរបស់ឥស្សរជន នៃមុខរបរនេះយ៉ាងច្រើន។ កំណើនឆាប់បង្គួរ នៃពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិន គឺជាកម្លាំងជំរុញដ៏ខ្លាំងក្លាសម្រាប់ពាណិជ្ជកម្មសកល និងការងើបឡើងវិញនៃសេដ្ឋកិច្ច។

ការពិតជាក់ស្តែងបានបញ្ជាក់ថា កត្តាដែលទ្រទ្រង់សម្រាប់សេដ្ឋកិច្ចរបស់ចិន ក្នុងការសម្រេចបាននូវនិន្នាការងើបឡើងវិញ ដែលប្រកបដោយភាពល្អប្រសើរនឹងកាន់តែច្រើនឡើងៗ។ បច្ចុប្បន្ននេះ ភាពមិនប្រាកដប្រជានិងអស្ថិរភាពពីខាងក្រៅ ដែលយើងបាននិងកំពុងប្រឈម គឺ មានច្រើនណាស់ ហើយមូលដ្ឋានគ្រឹះសម្រាប់ការគាំទ្រសេដ្ឋកិច្ចចិន ឱ្យសម្រេចបាននូវនិន្នាការងើបឡើងវិញ ដែលប្រកបដោយភាពល្អប្រសើរក៏ត្រូវពង្រឹងថែមទៀត។ យ៉ាងណាមិញ ស្របពេលដែលកត្តាមានអំណោយផលគ្រប់បែបយ៉ាង បានកើនឡើងជាបន្តបន្ទាប់ សេដ្ឋកិច្ចរបស់ចិនមានសមត្ថភាពសម្រេចបាន នូវគោលដៅពេញមួយឆ្នាំតាមរយៈការតស៊ូព្យាយាម ហើយក៏នឹងនាំមកនូវភាពកក់ក្ដៅ ដល់សេដ្ឋកិច្ចពិភពលោកផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន