(អូតាវ៉ា)៖ មន្រ្តីរដ្ឋាភិបាលទីក្រុងអូតាវ៉ា បានឱ្យដឹងកាលពីថ្ងៃអង្គារសប្តាហ៍នេះថា កាណាដានឹងឈប់បញ្ជូនសម្ភារយោធាគ្រប់ប្រភេទតែម្តង ឱ្យទៅអ៉ីស្រាអែល ដោយសារតែវិបត្តិសង្រ្គាមនៅតំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០២៤។
ដែនដីប៉ាឡេស្ទីនមួយនេះ ជាទីដែលអ៉ីស្រាអែលកំពុងធ្វើសង្រ្គាមកម្ទេចក្រុមហាម៉ាស កំពុងប្រឈមវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរឡើងៗ ហើយការប្រយុទ្ធគ្នាជាច្រើនខែមកនេះ បានរុញច្រានប្រជាជននៅហ្កាហ្សារាប់សែននាក់ ឱ្យទៅស្ថិតនៅមាត់ជ្រោះនៃគ្រោះទុរ្ភិក្ស។ កាណាដា ដែលជាសម្ព័ន្ធមិត្តសំខាន់មួយរបស់សហរដ្ឋអាមេរិក បានកាត់បន្ថយរួចស្រេចទៅហើយ នូវការដឹកជញ្ជូនអាវុធទៅកាន់អ៉ីស្រាអែល ដោយបន្ថយមកនៅត្រឹមជាសម្ភារមិនគំរាមកំហែងដល់អាយុជីវិត ដូចជាប្រព័ន្ធវិទ្យុជាដើម។
មន្រ្តីកាណាដាមួយរូប បានប្រាប់ AFP ថា ស្ថានការណ៍ក្នុងសង្រ្គាមនៅហ្កាហ្សា បានធ្វើឱ្យរដ្ឋាភិបាលកាណាដា ពិបាកក្នុងការនាំចេញសម្ភារយោធាទៅកាន់អ៉ីស្រាអែល មិនថាជាប្រភេទអ្វីនោះទេ។ កាលពីថ្ងៃអង្គារ រដ្ឋមន្រ្តីការបរទេសកាណាដាផ្ទាល់ គឺលោកស្រី Melanie Joly ក៏បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដែរថា ទីក្រុងអូតាវ៉ានឹងលែងនាំចេញអាវុធទៅអ៉ីស្រាអែលទៀតហើយ។ អ៉ីស្រាអែលបានរិះគន់ការសម្រេចចិត្តរបស់កាណាដា ដោយនិយាយថា វាប៉ះពាល់ដល់សិទ្ធិស្វ័យការពាររបស់អ៉ីស្រាអែល ប្រឆាំងក្រុមហាម៉ាសដែលខ្លួនចាត់ទុកជាក្រុមភេរវករ។
គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយកាណាដា តាំងពីដើមមក អ៉ីស្រាអែលបានស្ថិតនៅចំណាត់ថ្នាក់កំពូល នៃប្រទេសដែលទទួលបានការនាំចេញបរិក្ខារយោធារបស់កាណាដា ដោយសម្ភារយោធាគិតជាទឹកប្រាក់សរុប ២១លានដុល្លារកាណាដា ត្រូវបាននាំចេញទៅកាន់អ៉ីស្រាអែល កាលពីឆ្នាំ២០២២ និងទំហំ២៦លានដុល្លារកាណាដា កាលពីឆ្នាំ២០២១។ យ៉ាងណាក្តី ចាប់តាំងពីសង្រ្គាមផ្ទុះឡើងនៅហ្កាហ្សា កាលពីខែតុលា ឆ្នាំ២០២៣មក ទីក្រុងអូតាវ៉ាបានបញ្ជូនសម្ភារយោធាតែសម្រាប់ការទាក់ទងប៉ុណ្ណោះ ឱ្យទៅអ៉ីស្រាអែល។ បើតាមអាជ្ញាធរតំបន់ហ្កាហ្សា មកទល់ពេលនេះ សង្រ្គាមអ៉ីស្រាអែល បានសម្លាប់មនុស្សសរុបយ៉ាងហោច៣១,៨១៩នាក់ហើយ នៅទីនោះ៕