(ណៃពិដោ)៖ សាក្សីនិងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមីយ៉ាន់ម៉ា បានរាយការណ៍ថា មិនមាននរណាម្នាក់បានមកចូលរួមឡើយ ក្នុងការបើកដំណើរការការដេញថ្លៃផ្ទះ របស់អតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី Aung San Suu Kyi ដោយតម្លៃចាប់ផ្តើមត្រូវបានកំណត់ថា មានចំនួន៩០លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០២៤។
ផ្ទះខាងលើដែលស្ថិតនៅលើបឹង Inye នៃទីក្រុង Yangon មានផ្ទៃដីសរុបទំហំ០.៧៨ហិកតា ត្រូវបានដាក់លក់ដេញថ្លៃ តាមការសម្រេចរបស់តុលាការកំពូលនៃប្រទេសមីយ៉ាន់ម៉ា ក្រោយការតតាំងរឿងក្តីរយៈពេលជាច្រើនឆ្នាំ រវាងលោកស្រី Suu Kyi ដែលត្រូវបានទម្លាក់ពីអំណាចអំឡុងរដ្ឋប្រហារយោធាឆ្នាំ២០២១ ហើយនិងបងប្រុសរបស់លោកស្រី គឺលោក Aung San Oo។ យ៉ាងណាមិញ នាថ្ងៃពុធនេះ គេមិនឃើញមាននរណាម្នាក់ មកចូលរួមការដេញថ្លៃនេះឡើយ។ លោកស្រី Suu Kyi បច្ចុប្បន្ន កំពុងអនុវត្តទោសជាប់ពន្ធនាគារ រយៈពេល២៧ឆ្នាំ នៅទីតាំងមិនត្រូវបានបញ្ជាក់ ក្រោមការចោទប្រកាន់ពីបទល្មើសជាច្រើន។
ភាគច្រើននៃរយៈពេលជាង៣ទសវត្សរ៍ ដែលលោកស្រី Suu Kyi បានចំណាយពេលនៅមីយ៉ាន់ម៉ា ក្រោយត្រឡប់ពីចក្រភពអង់គ្លេសវិញ គឺលោកស្រីបានស្នាក់នៅផ្ទះវីឡាខាងលើ ក្នុងនោះរួមទាំងរយៈពេល១៥ឆ្នាំ នៃការជាប់ឃុំក្នុងផ្ទះ ក្រោមរបបយោធាមីយ៉ាន់ម៉ាជំនាន់មុន ផងដែរ។ លោកស្រី Suu Kyi បានផ្លាស់ទីលំនៅទៅកាន់រដ្ឋធានីណៃពិដោ ដើម្បីចូលរួមកិច្ចប្រជុំសភា ក្រោយការដោះលែង ហើយបានបន្តស្នាក់នៅទីនោះ ក្នុងនាមជាមេដឹកនាំស៉ីវិលមីយ៉ាន់ម៉ា រហូតដល់ពេលផ្ទុះរដ្ឋប្រហារយោធា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ ផ្ទះនៅទីក្រុង Yangon ក៏ជាកន្លែងដែលលោកស្រីបានជួបបុគ្គលសំខាន់ៗផងដែរ រួមមានទាំងអតីតប្រធានាធិបតីអាមេរិក លោក Barack Obama និងអតីតរដ្ឋមន្រ្តីការបរទេសអាមេរិក លោកស្រី Hilary Clinton ជាដើម។
គួរបញ្ជាក់ថា ផ្ទះនោះជាមរតកដែលលោកស្រី Suu Kyi ទទួលបានពីម្តាយឈ្មោះ Khin Kyi ក្រោយការធ្វើឃាតឪពុកលោកស្រី ដែលជារីវបុរសឯករាជ្យរបស់មីយ៉ាន់ម៉ា គឺលោក Aung San នៅឆ្នាំ១៩៤៧។ លោក Aung San Oo ដែលជាបងប្រុសប៉ុន្តែលែងមានទំនាក់ទំនងជិតស្និទ្ធនឹងគ្នារបស់លោកស្រី Suu Kyi នៅឆ្នាំ២០០០ បានដាក់ពាក្យបណ្តឹងជាលើកដំបូង ដើម្បីឱ្យមានការបែងចែកអចលនទ្រព្យនេះ។ នៅឆ្នាំ២០១៦ តុលាការមីយ៉ាន់ម៉ា បានសម្រេចចេញសាលក្រមមួយ ដែលបែងចែកដីនិងផ្ទះ ក្នុងចំណែកស្មើភាពគ្នាសម្រាប់បងប្អូនទាំងពីរនាក់។
លោក Aung San Oo ធ្លាប់បានប្តឹងឧទ្ធរណ៍ជាច្រើនលើកប៉ុន្តែទទួលបរាជ័យ ក្នុងការចង់ឱ្យតុលាការដាក់លក់ដេញថ្លៃផ្ទះនោះ ហើយប្រាក់ដែលបានមកពីការលក់ ត្រូវបែងចែករវាងលោក និងលោកស្រី Suu Kyi។ ក្រោយរដ្ឋប្រហារយោធាឆ្នាំ២០២១ តុលាការកំពូលមីយ៉ាន់ម៉ា ក៏បានទទួលយកបណ្តឹងឧទ្ធរណ៍ពិសេសរបស់លោក Aung San Oo ហើយសម្រេចអនុញ្ញាតឱ្យដាក់លក់ផ្ទះនោះ តាមរយៈការដេញថ្លៃ៕