(ព្រុចសែល)៖ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បាននិយាយថា អឺរ៉ុបត្រូវតែពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួន និងត្រៀមលក្ខណៈផ្សេងៗទៀត ដើម្បីឆ្លើយតបនឹងការគំរាមកំហែងរបស់រុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ ២០២៤។

នៅក្នុងអត្ថបទចេញផ្សាយដោយកាសែត និងគេហទំព័រអឺរ៉ុប លោក Michel ដែលនឹងដឹកនាំកិច្ចប្រជុំជាមួយបណ្តាមេដឹកនាំសហភាពអឺរ៉ុប នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានលើកឡើងថា អឺរ៉ុបចាំបាច់ទទួលខុសត្រូវចំពោះសន្តិសុខផ្ទាល់ខ្លួន ហើយមិនអាចពឹងផ្អែកខ្លាំងពេក លើប្រទេសដ៏ទៃ ជាក់ស្តែងដូចជាសហរដ្ឋអាមេរិក។

លោក Michel បានបញ្ជាក់ថា «ប្រសិនបើការឆ្លើយតបរបស់ EU មិនបានត្រឹមត្រូវ ហើយផ្តល់ការគាំទ្រមិនគ្រប់គ្រាន់ដល់អ៊ុយក្រែន ដើម្បីបញ្ឈប់រុស្ស៉ីទេនោះ ពួកយើងនឹងជាគោលដៅបន្ទាប់មិនខាន។ ពួកយើងចាំបាច់ត្រូវពង្រឹងវិស័យការពារជាតិ និងត្រៀមលក្ខណៈឱ្យ​គ្រប់គ្រាន់។ ប្រសិនបើយើងចង់បានសន្តិភាព យើងត្រូវតែត្រៀមលក្ខណៈសម្រាប់សង្រ្គាម»

គួរបញ្ជាក់ថា ទន្ទឹមនឹងការអត្ថាធិប្បាយរបស់លោកប្រធានក្រុមប្រឹក្សាអឺរ៉ុប សមាជិក EU បានព្រមព្រៀងគ្នាដើម្បីបង្កើនការគាំទ្រ សម្រាប់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ជាមួយនិងថវិកា ៥ពាន់លានអឺរ៉ូ ឬស្មើនឹង ៥.៤ពាន់លានដុល្លារ ចំពេលមានការព្រមានថា កងកម្លាំងទីក្រុងកៀវ ត្រូវការជំនួយធនធានបន្ថែមទៀតដើម្បីទប់ទល់នឹងរុស្ស៉ី ខណៈសំណើរសុំកញ្ចប់ថវិកា ៦០ពាន់លានដុល្លាររបស់ សហរដ្ឋអាមេរិក កំពុងបន្តជាប់គាំងក្នុងសភានៅឡើយទេ៕