(យ៉េរ៉េវ៉ាន់)៖ នាយករដ្ឋមន្រ្តី លោក Nikol Pashinyan បាននិយាយថា អាមេនីអាចប្រឈមនឹងការធ្វើសង្រ្គាមជាមួយអាស៊ៃបៃហ្សង់ ប្រសិនបើខ្លួនមិនយល់ស្របជាមួយទីក្រុងបាគូ ក្នុងការប្រគល់ទឹកដីជាយុទ្ធសាស្រ្តមួយចំនួនរបស់អាស៊ៃបៃហ្សង់ ដែលអាមេនីគ្រប់គ្រងតាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៩០ ទៅឱ្យពួកគេវិញ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ ២០២៤។

ការបញ្ជាក់របស់ លោក Pashinyan ធ្វើឡើងកាលពីថ្ងៃចន្ទសប្តាហ៍នេះ អំឡុងពេលជួបជាមួយអ្នកស្រុករស់នៅព្រំដែនភាគខាងជើង នៃប្រទេសអាមេនីគឺតំបន់ Tavush ដែលស្ថិតក្បែរក្រុមភូមិគ្មានមនុស្សរស់នៅរបស់អាស៊ៃបៃហ្សង់ ប៉ុន្តែអាមេនីជាអ្នកគ្រប់គ្រងទីនោះ ចាប់តាំងពីដំណាក់កាលដំបូងៗ នៃជម្លោះរយៈពេល ៣ទសវត្សរ៍ រវាងប្រទេសទាំងពីរ នាដើមឆ្នាំ១៩៩០។

TASS បានដកស្រង់សម្តីរបស់ លោក Pashinyan ដែលគូសបញ្ជាក់ថា «ឥឡូវយើងអាចចាកចេញពីទីនេះ ហើយប្រាប់អាស៊ៃបៃហ្សង់ថា យើងនឹងមិនធ្វើអ្វីទេ»។ លោក Pashinyan ធ្លាប់ផ្តល់សញ្ញាម្តងហើយម្តងទៀតថា លោកសុខចិត្តប្រគល់ក្រុមភូមិខាងលើឱ្យអាស៊ៃបៃហ្សង់វិញ ទោះពួកវាមានសារសំខាន់ សម្រាប់ទីក្រុងយ៉េរ៉េវ៉ាន់ក៏ដោយ។ ភូមិទាំងនោះគ្រប់គ្រងផ្លូវធំឆ្ពោះទៅភាគខាងជើង គឺទៅកាន់ព្រំដែនជាមួយប្រទេសហ្សកហ្ស៉ី។

គួរបញ្ជាក់ថា អាស៊ៃបៃហ្សង់និយាយថា ការយកទឹកដីមកវិញនេះគឺជាលក្ខខណ្ឌចាំបាច់ សម្រាប់កិច្ចព្រមព្រៀងសន្តិភាពដើម្បីបញ្ចប់ជម្លោះ រយៈពេល ៣០ឆ្នាំជុំវិញតំបន់ Nagorno-Karabakh ដែលអាស៊ៃបៃហ្សង់ដណ្តើមបានកាលពីខែកញ្ញា ឆ្នាំ ២០២៣៕