(ម៉ានីល)៖ នាថ្ងៃអង្គារនេះ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា សហរដ្ឋអាមេរិកនៅតែបន្តប្រកាន់ខ្ជាប់ នូវការប្តេជ្ញាចិត្តយ៉ាងរឹងមាំដូចដែក ដើម្បីជួយការពារសម្ព័ន្ធមិត្តយូរអង្វែងរបស់ខ្លួន នោះគឺហ្វីលីពីនប្រឆាំងការវាយប្រហារប្រដាប់អាវុធនានា នៅតំបន់សមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៣។

វត្តមានរបស់លោក Blinken នៅទីក្រុងម៉ានីល គឺជាការបំពេញទស្សនកិច្ចលើកទី២របស់លោក គិតចាប់តាំងពីប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានឡើងកាន់អំណាចកាលពីឆ្នាំ២០២២។ ការបញ្ជាក់ពីការប្តេជ្ញាចិត្តនេះធ្វើឡើង ក្រោយឧប្បត្តិហេតុបានកើតមានជាបន្តបន្ទាប់ រវាងទូក-នាវាហ្វីលីពីន និងនាវារបស់ចិន នៅក្បែរតំបន់មានជម្លោះក្នុងសមុទ្រចិនខាងត្បូង រួមមាន​ទាំងហេតុការណ៍ប៉ះទង្គិចគ្នាតែម្តង ផងដែរ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយ សមភាគីហ្វីលីពីនលោក Enrique Manalo លោក Blinken បានលើកឡើងយ៉ាងដូច្នេះថា «ផ្លូវទឹកនេះសំខាន់ចំពោះប្រទេសហ្វីលីពីន ចំពោះសន្តិសុខនិងសេដ្ឋកិច្ចរបស់ហ្វីលីពីន ប៉ុន្តែវាក៏សំខាន់ផងដែរ ចំពោះផលប្រយោជន៍របស់តំបន់ទាំងមូល ក៏ដូចជារបស់សហរដ្ឋអាមេរិក និងពិភពលោក។ ហេតុនេះហើយទើបយើងបន្តឈរនៅជាមួយហ្វីលីពីន និងប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តយ៉ាង​រឹងមាំដូចដែក ក្នុងផ្នែកការពារជាតិ រួមមានទាំងនៅក្រោមសន្ធិសញ្ញាការពារគ្នាទៅវិញទៅមក»

គួរបញ្ជាក់ថា ការបំពេញទស្សនកិច្ចរបស់ប្រមុខការទូតអាមេរិក ធ្វើឡើងនៅមុនកិច្ចប្រជុំកំពូលត្រីភាគី នៅទីក្រុងវ៉ាស៉ីនតោននាខែមេសាខាងមុខនេះ រវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន លោក Marcos និងនាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida។ ដោយប្រកាសពី​គម្រោងកិច្ចប្រជុំកំពូលខាងលើ សេតវិមានបាននិយាយថា មេដឹកនាំទាំង៣ នឹងជំរុញចក្ខុវិស័យរួម ស្តីពីតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិកមួយ ដែលសេរីនិង​បើកចំហ៕