(មូស្គូ)៖ ក្រសួងទទួលបន្ទុកស្ថានភាពអាសន្នរបស់រុស្ស៉ី បានឱ្យដឹងនៅថ្ងៃអង្គារនេះថា កម្មករចំនួន១៣នាក់ បានជាប់នៅក្នុងអណ្តូងរ៉ែមាសមួយកន្លែង ស្ថិតក្នុងតំបន់ Amur បន្ទាប់ពីមានការបាក់រលំផ្ទាំងថ្ម។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ ២០២៤។

ក្រសួងបានប្រកាសតាមបណ្តាញតេឡេក្រាមថា «ប្រព័ន្ធទំនាក់ទំនងត្រូវបានស្តារឡើងវិញហើយ រីឯការឈូសឆាយផ្លូវចូលទៅកន្លែងកើតហេតុ កំពុងត្រូវបានអនុវត្ត»។ បើតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី គ្រោះថ្នាក់នេះបានកើតឡើងក្នុងអណ្តូងរ៉ែ Pioneer ដែលជាអណ្តូងរ៉ែមាសដ៏ធំបំផុតមួយនៅរុស្ស៉ី បើគិតអំពីសមត្ថភាពកែច្នៃ។ អណ្តូងរ៉ែនេះមានទីតាំងនៅតំបន់ស៉ីបេរីភាគខាងកើត មានព្រំប្រទល់ជាប់ប្រទេសចិននៅភាគខាងត្បូង។

គួរបញ្ជាក់ថា អណ្តូងរ៉ែនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុនរុករករ៉ែរុស្ស៉ី Petropavlovsk ចុះបញ្ជីនៅក្នុងទីក្រុងឡុងដ៍ ដែលបានប្រឈមបញ្ហាក្ស័យធន កាលពី២០២២ បន្ទាប់ពីការដាក់ទណ្ឌកម្មរបស់លោកខាងលិច ទៅលើធនាគារ Gazprombank ដែលជាប្រភពផ្តល់កម្ចីដ៏សំខាន់ និងជាអ្នកទិញមាសតែមួយគត់របស់ខ្លួន បានធ្វើឱ្យក្រុមហ៊ុននេះ ជួបការលំបាកក្នុងការសងបំណុល៕