(វែលីនតោន)៖ រដ្ឋមន្រ្តីការបរទេសនៃប្រទេសនូវែលសេឡង់ បានឱ្យដឹងនៅថ្ងៃអង្គារនេះថា នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោក Christopher Luxon មានគម្រោងបំពេញទស្សនកិច្ចជាលើកដំបូង ទៅកាន់ប្រទេសចិន ក្នុងនាមជានាយករដ្ឋមន្រ្តី បន្ទាប់ពីជំនួបជាមួយប្រមុខការទូតរបស់ទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤។
រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi បានមកបំពេញទស្សនកិច្ចនៅនូវែលសេឡង់ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ហើយបានជួបពិភាក្សាគ្នាជាមួយលោក Luxon ព្រមទាំងជាមួយរដ្ឋមន្រ្តីការបរទេសនូវែលសេឡង់ លោក Winston Peters និងរដ្ឋមន្រ្តីពាណិជ្ជកម្មនូវែលសេឡង់ លោក Todd McClay។ លោក Peters បានប្រាប់ក្រុមអ្នកសារព័ត៌មានថា រូបលោកផ្ទាល់ រួមជាមួយលោក Luxon និងលោក McClay ត្រូវបានអញ្ជើញឱ្យទៅបំពេញទស្សនកិច្ច នៅឯប្រទេសចិន ប៉ុន្តែកាលបរិច្ឆេទមិនទាន់ត្រូវបានកំណត់នៅឡើយទេ។
គួរបញ្ជាក់ថា វានឹងជាដំណើរទស្សនកិច្ចលើកដំបូងបំផុតរបស់លោក Luxon ទៅកាន់ប្រទេសចិន គិតចាប់តាំងពីឡើងកាន់អំណាចជានាយករដ្ឋមន្រ្តីនូវែលសេឡង់ កាលពីខែតុលា ឆ្នាំ២០២៣។ ប្រទេសនូវែលសេឡង់ ស្ថិតក្នុងសម្ព័ន្ធភាពចែករំលែកព័ត៌មានសម្ងាត់មួយ ហៅថា Five Eyes ជាមួយសហរដ្ឋអាមេរិក កាណាដា ចក្រភពអង់គ្លេស និងអូស្រ្តាលី។ យ៉ាងណាមិញ ទីក្រុងវែលីងតោន បានរងការរិះគន់ ដោយសារតែប្រកាន់ជំហរមិនសូវរឹងមាំចំពោះចិន ដោយផ្តោតអាទិភាពទៅលើទំនាក់ទំនងពាណិជ្ជកម្មរបស់ខ្លួន ខ្ពស់ជាងក្តីកង្វល់អំពីបញ្ហាសន្តិសុខរបស់សម្ព័ន្ធមិត្ត។ ចិនគឺជាប្រទេសដៃគូពាណិជ្ជកម្មធំបំផុតរបស់នូវែលសេឡង់។ ដោយឡែក ក្នុងសប្តាហ៍នេះ លោក Wang ក៏នឹងត្រូវបន្តទៅបំពេញទស្សនកិច្ច នៅទីក្រុងកង់បេរ៉ានៃប្រទេសអូស្រ្តាលី ផងដែរ៕