(ព្យុងយ៉ាង)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ មេដឹកនាំនៃប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានផ្ញើសារអបអរសាទរប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន សម្រាប់ការបន្តជាប់ឆ្នោតរបស់លោកក្នុងអាណត្តិថ្មី ហើយបាននិយាយថា ទីក្រុងព្យុងយ៉ាងនឹងបន្តធ្វើការជាមួយលោក ដើម្បីអភិវឌ្ឍទំនាក់ទំនងទ្វេភាគីបន្ថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤។

ក្នុងសារអបអរសាទរនោះ លោក គីម បាននិយាយយ៉ាងដូច្នេះថា «ខ្ញុំនឹងសហការយ៉ាងពេញទំហឹងជាមួយអ្នក ខណៈពួកយើងត្រូវបំពេញ​តាម តម្រូវការនៃពេលវេលា ដើម្បីផ្តល់បរិបទថ្មីសន្លាងមួយ សម្រាប់មិត្តភាពរុស្ស៉ី-កូរ៉េខាងជើង ដែលមានឫសគល់ប្រវត្តិសាស្រ្ត និងប្រពៃណីយូរអង្វែងមកហើយ និងដើម្បីពុះពារបោះជំហានទៅមុខ ក្នុងការកសាងប្រទេសជាតិរឹងមាំមួយ»។ លោក ពូទីន ទើបតែបានទទួលជ័យជម្នះក្នុង​លទ្ធផលយ៉ាងភ្លូកទឹកភ្លូកដីបំផុត ក្រោយការបោះឆ្នោតប្រធានាធិបតីរុស្ស៉ីអាណត្តិថ្មី ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៧ ខែមីនា។

គួរបញ្ជាក់ថា លោក ពូទីន បានឡើងកាន់អំណាចដំបូង កាលពីចុងឆ្នាំ១៩៩៩ បន្ទាប់ពីលោក Boris Yeltsin ហើយបានបន្តជាមេដឹកនាំ​នៃប្រទេសរុស្ស៉ីជាប់រហូតមក បើទោះបីជាកាលពីចន្លោះឆ្នាំ២០០៨-២០១២ លោកមានតំណែងជានាយករដ្ឋមន្រ្តី មិនមែនប្រធានាធិបតីក៏ដោយ។ តាមរយៈជ័យជម្នះខាងលើនេះ លោក វ៉្លាឌីមៀ ពូទីន នឹងអាចបន្តកាន់អំណាចបានរហូតដល់ យ៉ាងហោចឆ្នាំ២០៣០។ ទាំងលោក គីម និងប្រធានាធិបតីចិន លោក ស៉ី ជីនពីង សុទ្ធតែបានផ្ញើសារអបអរសាទរ លោក ពូទីន កាលពីថ្ងៃចន្ទ ស្របពេលដែលទីក្រុងព្យុងយ៉ាងនិងប៉េកាំង បានរឹតបន្តឹងទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងមូស្គូ ចាប់តាំងពីសង្រ្គាមឈ្លានពានរបស់រុស្ស៉ី បានផ្ទុះឡើងនៅអ៊ុយក្រែន កាលពីឆ្នាំ២០២២៕