(ព្រុចសែល)៖ សហភាពអឺរ៉ុប (EU) កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានសន្យាចំណាយដើមទុន ៧.៧ពាន់លានអឺរ៉ូ ឬស្មើនឹង ៨.៣៩ពាន់លានដុល្លារ សម្រាប់ការផ្តល់ជំនួយមនុស្សធម៌នៅក្នុងឆ្នាំ ២០២៤ ដែលជាចំនួនតិចជាងការសន្យាកាលពីឆ្នាំមុន ចំពោះមុខការកើនឡើងនូវតម្រូវការក្នុងតំបន់ហ្គាហ្សា ក៏ដូចជាទីកន្លែងផ្សេងទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ ២០២៤។

កាលពីឆ្នាំ ២០២៣ ប្រទេសជាសមាជិក រួមទាំងគណៈកម្មការប្រតិបត្តិរបស់ប្លុកបានសន្យាជាថវិកាសរុបចំនួន ៨.៤ពាន់លានដុល្លារ។ មិនមានការផ្តល់ហេតុផលណាមួយ ជុំវិញការកាត់បន្ថយថវិកានេះទេ។ថ្លែងក្នុងពិធីបើកសន្និសីទស្តីពីជំនួយមនុស្សធម៌នាទីក្រុងព្រុចសែល លោក Janez Lenarcic ប្រធានទីភ្នាក់ងារផ្តល់ជំនួយមនុស្សធម៌ និងដោះស្រាយវិបត្តិរបស់ EU បានកត់សម្គាល់ថា «នេះជាចំនួនដ៏ជាក់លាក់...ប៉ុន្តែខ្ញុំគិតថាវាល្អប្រសើរហើយ»

គួរបញ្ជាក់ថា បើតាមអង្គការសហប្រជាជាតិ មនុស្ស ៣០០លាននាក់កំពុងត្រូវការជំនួយមនុស្សធម៌ ដែលភាគច្រើនរងគ្រោះដោយសារតែជម្លោះ និងកត្តាប្រែប្រួលអាកាសធាតុ៕