(វ៉ាស៉ីនតោន)៖ នៅថ្ងៃអង្គារនេះ រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin នឹងសាកល្បងបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តអឺរ៉ុប ថារដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន នៅតែប្តេជ្ញាគាំទ្រអ៊ុយក្រែន សូម្បីតែនៅក្នុងពេលដែលទីក្រុងវ៉ាស៉ីនតោនអស់កញ្ចប់ថវិកា សម្រាប់បំពាក់អាវុធដល់ទីក្រុងកៀវ ហើយមានសញ្ញាតិចតួចប៉ុណ្ណោះពីសភា ថានឹងអាចអនុម័តមូលនិធិបន្ថែម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ ២០២៤។

លោក Austin នឹងដឹកនាំកិច្ចប្រជុំប្រចាំខែ ដែលគេស្គាល់ថាជាក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន (UDCG) ធ្វើឡើងនៅឯមូលដ្ឋានទ័ពអាកាស Ramstein ក្នុងប្រទេសអាល្លឺម៉ង់ ជាមួយសម្ព័ន្ធមិត្តប្រហែលជា ៥០ប្រទេស ដែលធ្លាប់ផ្តល់ជំនួយយោធាឱ្យអ៊ុយក្រែន។ បើតាមមន្ទីរបញ្ចកោណ លោក Austin គ្រោងបញ្ជាក់ជាថ្មីថា ទីក្រុងវ៉ាស៊ីនតោន គឺមានការប្តេជ្ញាចំពោះអ៊ុយក្រែន។ ប៉ុន្តែក្រុមមន្រ្តីអាមេរិកនិយាយថា កង្វះខាតថវិកាដែលអាចទទួលបាន កំពុងជះឥទ្ធិពលដល់អ៊ុយក្រែន ហើយកងកម្លាំងអ៊ុយក្រែនត្រូវតស៊ូគ្រប់គ្រងធនធានដែលនៅសេសសល់។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុនរដ្ឋបាល លោក បៃដិន បានប្រកាសថានឹងបញ្ជូនជំនួយយោធាចំនួន ៣០០លានដុល្លារទៅឱ្យអ៊ុយក្រែន ប៉ុន្តែថានេះជាចំណាត់ការបន្ថែមដោយប្រើលុយសន្សំរបស់មន្ទីរបញ្ចកោណ៕