(បាងកក)៖ ការិយាល័យផែនការ និងគោលនយោបាយថាមពល (Eppo) របស់ថៃបានឱ្យដឹងថាការផ្គត់ផ្គង់ហ្កាសនៅក្នុងស្រុក សម្រាប់ការផលិតអគ្គិសនីអាចនឹងមាន ការខ្វះខាត អំឡុងរដូវក្ដៅឆ្នាំនេះ នៅពេលដែលតម្រូវការប្រើប្រាស់អគ្គិសនីកើនឡើងខ្ពស់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post។

លោក Veerapat Kaifuengfoo ជាអគ្គនាយក Eppo បានឱ្យដឹងកាលពីថ្ងៃចន្ទ ទី១៨ ខែមីនាថាការផលិតហ្កាស ពីតំបន់ប្លុកហ្កាស Erawan ក្នុងតំបន់ឈូងសមុទ្រថៃដែល មានការថយចុះចាប់តាំងពីឆ្នាំ២០១៨មក នឹងបង្កើនការផលិតហ្កាសទ្វេដង ប៉ុន្តែប្រហែលជាមិនអាចឆ្លើយតបគ្រប់គ្រាន់ ទៅនឹងការកើនឡើងខ្ពស់នៃតម្រូវការប្រើអគ្គិសនី អំឡុងរដូវក្ដៅឆ្នាំនេះនោះទេ។ ការឡើងកម្ដៅសីតុណ្ហភាពត្រូវបានជឿជាក់បង្កឡើងដោយបាតុភូត El Nino ដែលអាចនឹងធ្វើឱ្យប្រទេសជាច្រើនមានអាកាសធាតុក្ដៅហួតហែង ហើយក្នុងនោះប្រទេសថៃក៏ត្រូវបានព្យាករដែរថានឹងមានអាកាសធាតុក្ដៅខ្លាំងបំបែកកំណត់ត្រាថ្មីមួយ ដោយមានភ្លៀងធ្លាក់តិចបើធៀបទៅនឹងឆ្នាំមុន។

តាមលោក Veerapat ប្រឈមមុខនឹងការខ្វះខាតហា្កសនៅពេលខាងមុខ វាអាចទៅរួចថាប្រទេសថៃអាចនឹងចាំបាច់ត្រូវនាំចូលឧស្ម័ន LNG ដើម្បីប្រើប្រាស់ក្នុងការផលិត ថាមពលអគ្គិសនី ឆ្លើយតបទៅនឹងតម្រូវការប្រើអគ្គិសនីកើនឡើង។

គួរបញ្ជាក់ថា នៅក្នុងប្រទេសថៃ ហ្កាស៥៧ភាគរយមានប្រភពនៅក្នុងស្រុក និង៣១ភាគរយជាប្រភេទហ្កាសនាំចូល LNG និង១២ភាគរយជាហ្កាសនាំចូលពីប្រទេស មីយ៉ាន់ម៉ា៕