(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បានចេញសារព្រមានជាសាធារណៈទៅកាន់អ៉ីស្រាអែល ប្រឆាំងនឹងការបើកប្រតិបត្តិការវាយលុកចូលទីក្រុង Rafah ដោយនិយាយថា ប្រតិបត្តិការជើងគោកទ្រង់ទ្រាយធំណាមួយនឹងកាន់តែធ្វើឱ្យវិបត្តិមនុស្សធម៌ក្នុងតំបន់ហ្កាហ្សា មានសភាពធ្ងន់ធ្ងរឡើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤។

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា ខណៈលោកប្រធានាធិបតី Joe Biden នៅតែមាន ការប្ដេជ្ញាចិត្តគាំទ្រគោលដៅបំបាក់ក្រុមហាម៉ាស ក៏ប៉ុន្តែ លោកបានប្រាប់នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu ការវាយលុកទ្រង់ទ្រាយធំណាមួយ លើទីក្រុង Rafah នឹងក្លាយជាកំហុសមួយ។ «វានឹងធ្វើឱ្យជនស៊ីវិលស្លូតត្រង់ស្លាប់កាន់តែច្រើន ហើយធ្វើឱ្យវិបត្តិមនុស្សធម៌កាន់តែមានសភាពធ្ងន់ធ្ងរឡើងនៅក្នុងតំបន់ ហ្កាហ្សា ព្រមទាំងធ្វើឱ្យអ៉ីស្រាអែលឯកោនៅលើឆាកអន្តរជាតិ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក Sullivan។

គួរបញ្ជាក់ថា លោក Benjamin Netanyahu បានអនុម័តលើផែនការវាយលុកជើងគោកចូលក្នុងទីក្រុង Rafah ហើយ។ តែមិនទាន់មានការបញ្ជាក់ថាតើប្រតិបត្តិការនេះ នឹងត្រូវធ្វើឡើងនៅពេលនោះទេ ខណៈចំនួនជនជាតិប៉ាឡេស្ទីន ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៉ីស្រាអែល កើនលើស ៣១ ០០០នាក់ ចាប់តាំងពីសង្រ្គាម ផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា បន្ទាប់ពីក្រុមហាម៉ាសវាយប្រហារលើភាគខាងត្បូងអ៉ីស្រាអែល ដោយសម្លាប់មនុស្សយ៉ាងហោច ១២០០នាក់៕